កម្ពុជាទទួលធ្វើជាប្រធានប្ដូរវេន «កិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និង អាស៊ានបូក៣ លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ» សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ ក្រោមមូលបទ «នវានុវត្តន៍ ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ»។

កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (ASEAN Cooperation on Civil Service Matters – ACCSM) ជាអត្តសញ្ញាណនៃកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងដំណើរវិវឌ្ឍ វិស័យមុខងារសាធារណៈក្នុងតំបន់អាស៊ាន។ វេទិកានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យសម្រេចបានគំនិតផ្តួចផ្តើមជាច្រើនសំដៅដល់ការពង្រឹងគុណភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាស៊ាន បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមទាំងប្រទេសដែលជាដៃគូ និងភាគីពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការដឹកនាំ សម្របសម្រួល ចូលរួមគ្រប់ដំណើរប្រព្រឹត្តទៅនាពេលកន្លងមក ហើយបានលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការងារក្នុងវិស័យមុខងារសាធារណៈសម្រាប់តំបន់អាស៊ាន របស់យើងកាន់តែប្រសើរឡើង និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់។

ក្នុងនាមជាប្រធាន ACCSM ប្តូរវេន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសរំលេចថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ និងប្រទេសជាដៃគូផ្សេងទៀត ដើម្បីបន្តដឹកនាំសម្របសម្រួលការងារតាមមូលដ្ឋានដ៏ជោគជ័យរបស់ ACCSM កន្លងទៅ។ ការងារទាំងនេះ គឺសំដៅដល់ការសម្រេចបានចក្ខុវិស័យការងារប្រកបដោយថាមវន្ត ក្នុងវិស័យមុខងារសាធារណៈ ដើម្បីប្រជាជនជាចម្បង។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.