ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាត់តាហ៍ អែលស៊ីស៊ី (Abdel-Fattah el-Sisi) និងរដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន ហ្វីដាន (Hakan Fidan) បានជួបប្រជុំគ្នានៅទីក្រុងអាឡាមេន ភាគខាងជើងប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់នាពេលថ្មីៗនេះ និងហានិភ័យនៃជម្លោះដែលកើនឡើង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប។

លោក អែលស៊ីស៊ី បានពណ៌នាអំពីស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ាថា ជារឿងគ្រោះថ្នាក់ ដោយលោកបានអំពាវនាវឱ្យមាន «ការប្រុងប្រយ័ត្នបំផុត» និង «ការសម្រេចចិត្តប្រកបដោយប្រាជ្ញា»។ លោកបានរំលឹកឡើងវិញនូវការព្រមានរបស់ប្រទេសអេហ្ស៊ីបអំពីគ្រោះថ្នាក់នៃការពង្រីកជម្លោះ ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីទាំងពីរបានថ្កោលទោស «គោលនយោបាយកើនឡើងរបស់អ៊ីស្រាអែល» និងបានសង្កត់ធ្ងន់លើភាពធ្ងន់ធ្ងរនៃស្ថានភាពក្នុងតំបន់ ដោយសេចក្តីថ្លែងការណ៍បន្ថែមថា ពួកគេក៏បានអះអាងសារជាថ្មីអំពីភាពចាំបាច់នៃការជំរុញដំណោះស្រាយដ៏ទូលំទូលាយមួយចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ ដើម្បីសម្រេចបាននូវយុត្តិធម៌ សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

លោក ហ្វីដាន បានបញ្ជាក់ពីកិច្ចប្រជុំនេះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ទេ។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេហ្ស៊ីប តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដឺ អាប់ដេឡាតទី (Badr Abdelatty) ក៏រួមបញ្ចូលការទស្សនានៅកំពង់ផែអាល់ អារីស (al-Arish) ច្រកព្រំដែនទីក្រុងរ៉ាហ្វាហ៍ និងមជ្ឈមណ្ឌលដឹកជញ្ជូនអឌ្ឍចន្ទក្រហមអេហ្ស៊ីបផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.