សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ ឱ្យប្រជាពលរដ្ឋនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ បើអាចមានលទ្ធភាព នាំគ្នាទៅលេង ខេត្តទាំង៤ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV ឱ្យបានច្រើនក្នុងឱកាស ចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ខណៈសម្តេចក៏ចង់ទៅលេងដូចគ្នា ។

ការជំរុញរបស់សម្តេចធិបតី ខាងលើនេះ មានគោលបំណង ចង់ឱ្យពលរដ្ឋបានឃើញនូវទិដ្ឋភាពជាក់ស្តែង ដោយខ្លួនឯង ថាខេត្តរបស់កម្ពុជាទាំង៤ ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV នៅតែជាខេត្តរបស់ខ្មែរដដែលនិងម្យ៉ាងទៀត បានជួយជំរុញដល់វិស័យទេចរណ៍ក្នុងស្រុកនៅទីនោះឱ្យបានច្រើនផងដែរ ។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី៦ សីហានេះ សម្តេចធិបតី មានប្រសាសន៍ថា “បើ​មិនទាន់មានលុយកុំទាន់ទៅសិន អ្នកណាមានលុយក៏ទៅៗ ដើម្បីជួយទេសចរណ៍ នៅទីនោះផង ចូលឆ្នាំ ភ្ជុំបិណ្ឌទៅលេងហ្នឹងទៅ ជិះតាមព្រំដែនរបស់យើង”។

ក្នុងនោះសម្តេចធិបតី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលនឹងសាងសង់ផ្លូវដែលផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ នៅតំបន់កន្ទុយនាគ ដែលសម្តេចថា ជាចំណោតមួយដែលអាចមានគ្រោះថ្នាក់។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ត្រូវធ្វើយ៉ាងណា ដើម្បីឱ្យបានផ្លូវ នៅក្នុងដីរបស់យើង ដើម្បីចូលទៅដល់កន្ទុយនាគ ដើម្បីឱ្យកូនខ្មែររបស់យើង បានទៅដល់កន្លែងនោះ ហើយខ្ញុំក៏ចង់ទៅដែរ”៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.