សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ យកលំនាំតាមព្រែកជីកបុព្វបុរសខ្មែរជាង២ពាន់ឆ្នាំមុន តាមចក្ខុវិស័យរបស់មេដឹកនាំកាលពីអាណាចក្រហ្វូណនដែលជាសម័យមួយដ៏រឹងមាំ។

ក្នុងពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដែលអាចជួយសម្រួលទៅដល់ការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តវាក៏មានលក្ខណៈពិសេសដែលភ្ជាប់ជាមួយនឹងលក្ខណៈភូមិសាស្រ្តនិងប្រវត្តិសាស្រ្ត ស្របជាមួយនឹងចក្ខុវិស័យបុព្វបុរសខ្មែរយើងកាលពី ២០០០ឆ្នាំមុន នាសម័យហ្វូណន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សារៈសំខាន់នៃគម្រោងនេះ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃអាណាចក្រនគរភ្នំបុរាណ ដែលជារដ្ឋដំបូងបង្អស់របស់កម្ពុជា ដែលត្រូវបានបង្កើតឡើងនៅសតវត្សទី១ ដែលការសាងសង់ប្រឡាយរបស់ព្រះរាជាណាចក្រ ក្នុងគោលបំណងលើកកម្ពស់វិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មនិងភស្តុភារ។ ការកសាងព្រែកជីកនាពេលនោះ បង្ហាញពីភាពរឹងមាំរបស់កម្ពុជា ជាចក្រភពមួយដែលមានមូលដ្ឋានសេដ្ឋកិច្ចខ្លាំងក្លា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ព្រែកជីកនេះ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិនោះទេ ប៉ុន្តែក៏ជាការធានានូវប្រព័ន្ធស្រោចស្រពធារាសាស្រ្ត ដែលជួយជំរុញកសិកម្ម ស្រដៀងនៅបណ្តាព្រែក ប្រឡាយ ជំនាន់អាណាចក្រនគរភ្នំ ដែលរៀបចំសម្រាប់ជំរុញកសិកម្មនិងពាណិជ្ជកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការតភ្ជាប់គម្រោងនេះ ជាមួយនឹងអតីតកាល ២០០០ឆ្នាំមុន ដែលចក្ខុវិស័យរបស់បុរព្វបុរស ឃើញថាសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធប្រឡាយ ព្រែក បើកនូវគមនាគមន៍ផ្លូវទឹកជាចំណុចខ្លាំងមួយសម្រាប់លើកតម្កើងអាណាចក្រនាពេលនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការមន្ទិលសង្ស័យ ពោលបើ២ពាន់ឆ្នាំមុនព្រែកជីកនេះបានផ្តល់ផលប្រយោជន៍ធំទៅដល់អាណាចក្រហ្វូណន ២ពាន់ឆ្នាំក្រោយ ព្រែកជីកនៅតែផ្តល់នូវកម្លាំងសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា ការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឱ្យកម្ពុជាមានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.