អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល

ការវិលត្រឡប់របស់ក្រុមតាលីបង់នៅលើទឹកដីអាហ្វហ្គានីស្ថាន បានក្លាយជាបញ្ហារសើបមួយនៅក្នុងតំបន់នេះ។​ បច្ចុប្បន្ន អាហ្វហ្គានីស្ថានបានធ្លាក់ក្រោមការកាន់កាប់របស់ក្រុមតាលីបង់សាជាថ្មី ដែលក្រុមនេះត្រូវបានបណ្តេញចេញពីអាហ្វហ្គានីស្ថានកាលពី២០ឆ្នាំមុនដោយសហរដ្ឋអាមេរិក។​ហេតុនេះហើយ វាបានក្លាយជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភចំពោះសន្តិសុខអាហ្វហ្គានីស្ថាន តំបន់ និងពិភពលោក។

បច្ចុប្បន្នភាពរបស់អាហ្វហ្គានីស្ថានបាននិងកំពុងស្ថិតក្នុងស្ថានភាពដ៏គួរឲ្យបារម្ភយ៉ាងខ្លាំង ពិសេសលើវិបត្តិមនុស្សធម៌ និងភេរវកម្ម។ ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ មានការបំផ្ទុះគ្រាប់បែកកើតឡើងនៅព្រលានយន្តហោះកាប៊ុល ដោយក្រុមភេរវកម្ម ISIS-K(a) អំឡុងពេលមានភាពវឹកវរក្នុងការជម្លៀសប្រជាជនចេញពីប្រទេសនេះ។ ភាពជ្រួលច្របល់នេះបាននាំឲ្យប្រជាជនអាហ្វហ្គានីស្ថានព្យាយាមយ៉ាងណាដើម្បីឲ្យខ្លួនរួចផុតពីការគ្រប់គ្រងរបស់ក្រុមតាលីបង់។

ក្នុងឆ្នាំ១៩៨៩ ក្រោយពីការដកទ័ពរបស់សូវៀត អាហ្វហ្គានីស្ថានចាប់ផ្តើមមានសង្គ្រាមផ្ទៃក្នុង និងការកកើតនូវក្រុមភេរវកម្មផ្សេងៗគ្នា។ ក្នុងនោះ ក្រុមតាលីបង់មានភាពលេចធ្លោខ្លាំង ខណៈការផ្គត់ផ្គង់ធនធានថវិកាបានមកដោយខុសច្បាប់ដូចជា ការជួញដូរអាភៀន សារធាតុណាកូទិច ជាដើម។ ចំណែកក្រុម ISIS-K និងក្រុមភេរវកម្មផ្សេងៗទៀត ក៏មានប្រភពចំណូលលក្ខណៈស្រដៀងគ្នាដែរ។ ដោយឡែក វាពិបាកនឹងធ្វើការសន្និដ្ឋានលើការជួយជ្រោមជ្រែងលើការស្វែងរកប្រភពថវិកាពីប្រទេសទី៣ ឬទី៤ តែយ៉ាងក៏ដោយថវិកានោះរមែងបានមកតាមបែបផែនមិនស្របច្បាប់ផ្សេងៗ។

ដោយការជម្លៀសប្រជាជនចេញពីអាហ្វហ្គានីស្ថានមានភាពប្រកៀកប្រកិត ប្រជាជនអាហ្វហ្គានីស្ថានមានផលលំបាកក្នុងការស្នើសុំទិដ្ឋាការដើម្បីទៅជ្រកកោននៅប្រទេសផ្សេងៗ។ ដោយហេតុថា ដំណាក់កាលក្នុងការស្នើសុំទិដ្ឋាការត្រូវប្រើរយៈពេលយូរ និងទាមទារឯកសារបញ្ជាក់នានា។ លើសពីនោះទៅទៀត ការផ្តល់ទិដ្ឋាការមិនអាចផ្តល់ជូនបានក្នុងចំនួនច្រើនលើសលប់បានក្នុងរយៈពេលខ្លីឡើយ។

ចំណែកប្រទេសចិន និងរុស្ស៊ីឯណោះវិញនៅពុំទាន់មានប្រតិកម្មណាមួយគួរឲ្យកត់សម្គាល់ជុំវិញបញ្ហានេះនៅឡើយទេ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាហ្វហ្គានីស្ថាន។​ យ៉ាងណាមិញ ចិនបានអញ្ជើញក្រុមតាលីបង់ទៅពិភាក្សានៅប្រទេសខ្លួន ដែលការណ៍នេះ បានបង្ហាញនូវអាកប្បកិរិយារបស់ចិនដែលទំនងជាគាំទ្រអាហ្វហ្គានីស្ថានក្រោមការដឹកនាំរបស់ក្រុមតាលីបង់។​បញ្ហាស្នូលដែលចិនព្រួយបារម្ភនោះគឺ ឥទ្ធិពលរបស់ក្រុមសកម្មប្រយុទ្ធចំពោះសន្តិសុខតំបន់ និងពិភពលោក។ ជាហេតុ ចិនផ្តល់ជំនឿចិត្ត និងគាំទ្រដល់ក្រុមតាលីបង់ ដែលជាសំណងក្រុមនេះត្រូវរក្សាជំហរមិនគាំទ្រដល់ក្រុមភេរវករនានា ពិសេសនៅតំបន់ស៊ីនជាំង ប្រទេសចិន។ ដោយឡែករុស្ស៊ីឯណោះវិញ ក៏មានជំហរប្រហាក់ប្រហែលនឹងចិនដែរក្នុងគោលបំណងការពារសន្តិសុខដល់តំបន់អាស៊ីបែកកណ្តាល ដើម្បីធានាឲ្យបាននូវសន្តិសុខរបស់រុស្ស៊ី​ត្បិតអីតំបន់នេះជាស្នូលក្នុងការរក្សាសន្តិសុខ។ ជាអាទិ៍ ប្រទេសទាំងពីរមានជំហររួមក្នុងការគ្រប់គ្រង និងបញ្ចៀសរាល់បញ្ហាដែលទំនងនឹងកើតមានឡើងអំពើភេរវកម្មនានា។

ក្រោយពីការកាន់កាប់អំណាចជាថ្មី ក្រុមតាលីបង់ហាក់ពុំទាន់បញ្ចេញនូវគោលការណ៍ណាមួយជាក់ច្បាស់នៅឡើយទេ ដោយគ្រាន់តែបានបង្ហាញជំហរថាខ្លួនជារដ្ឋាភិបាលដែលនឹងមិនបង្កនូវអសន្តិសុខនានាដល់អាហ្វហ្គានីស្ថានផ្ទាល់ តំបន់និងពិភពលោកប៉ុណ្ណោះ។ ដើម្បីឲ្យពិភពលោកព្រមទទួលស្គាល់រដ្ឋាភិបាលរបស់ខ្លួន ក្រុមនេះបានព្យាយាមសម្តែងនូវឆន្ទៈប្រឆាំងនឹងភេរវករនិយម។ ចំពោះប្រជាជនអាហ្វហ្គានីស្ថាន ពិសេសស្រ្តីនិងក្មេងស្រី នៅតែបារម្ភអំពីសិទ្ធិសេរីភាពរបស់ពួកគេ ខ្លាចថាក្រុមតាលីបង់នឹងដាក់កំហិតដូចកាលពី២០ឆ្នាំមុន។ បច្ចុប្បន្នក្រុមតាលីបង់បានប្តេជ្ញាក្នុងការលើកកម្ពស់សិទ្ធិស្រ្តីនិងក្មេងស្រី ដោយឡែកការអនុវត្តជាក់ស្តែងរបស់ពួកគេនៅតែមានភាពមិនច្បាស់លាស់។​ អ្នកនាំពាក្យក្រុមតាលីបង់ លោក Mujahid បានថ្លែងថាព្រឹត្តិការណ៍១១ កញ្ញា មិនទាក់ទងនឹងលោក Osama bin Laden ឡើយ ដោយលោកបណ្ឌិត ឡេង ធារិទ្ធ​បានគូសបញ្ជាក់ថា ការបកស្រាយនេះគ្រាន់តែជាយុទ្ធសាស្រ្តដើម្បីរម្ងាប់ភាពខឹងសម្បាររបស់ក្រុមសកម្មប្រយុទ្ធផ្សេងៗទៀតប៉ុណ្ណោះ។

ដោយមើលឃើញពីការវិវត្តយ៉ាងគំហុកនៅអាហ្វហ្គានីស្ថាន លោកបណ្ឌិតបានសម្តែងនូវការព្រួយបារម្ភនិងភាពស្រពេចស្រពិលលើជោគវាសនារបស់ប្រជាជន និងប្រទេសអាហ្វហ្គានីស្ថាន។ បញ្ហាចំបងនោះគឺ លទ្ធភាពដែលអាចកើតមានភេរវកម្មក្រោយការដកទ័ពរបស់ប្រទេសសម្ព័ន្ធមិត្ត ដែលនេះជាទឡ្ហីករណ៍នាំឲ្យកើតមានសង្គ្រាមផ្ទៃក្នុងអាហ្វហ្គានីស្ថានទៅថ្ងៃអនាគត។ នេះជាសញ្ញាណមិនល្អចំពោះអាហ្វហ្គានីស្ថាន ដរាបណាមិនទាន់មានការជួយជ្រោមជ្រែងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេនោះ ភ្លើងសង្គ្រាមនឹងបន្តអូសបន្លាយតទៅទៀត។

ស្តែងតាមរយៈភាពវឹកវរនេះ បញ្ហាភេរវកម្ម ជាបញ្ហាស្នូល និងជះឥទ្ធិពលយ៉ាងអាក្រក់ដល់សណ្នាប់ធ្នាប់អន្តរជាតិដែលមហាអំណាចពិភពលោកទាំងអស់ត្រូវដោះស្រាយឲ្យខាងតែបាន។ ផលបច្ច័យនៃវិបត្តិអាហ្វហ្គានីស្ថាន នឹងនាំឲ្យមានការចាប់ផ្តើមកិច្ចសហការរវាងរដ្ឋមហាអំណាចនានា ដើម្បីប្រឆាំងនឹងអំពើភេរវកម្មដែលជាមហន្តរាយដល់ពួកគេ រួមទាំងសន្តិសុខសកលផងដែរ។

(a) ISIS-K ឬ Islamic State Khorasan ជាសម្ព័ន្ធក្រុមភេរវកម្មនៅអាហ្វហ្គានីស្ថាននៃក្រុមISISកណ្តាលនៅតំបន់មជ្ឈឹមបូព៌ា។

Share.

2 មតិ

  1. A compatibilidade do software de rastreamento móvel é muito boa e é compatível com quase todos os dispositivos Android e iOS. Depois de instalar o software de rastreamento no telefone de destino, você pode ver o histórico de chamadas do telefone, mensagens de conversa, fotos, vídeos, rastrear a localização GPS do dispositivo, ligar o microfone do telefone e registrar a localização ao redor.

Leave A Reply