អង្គការផលិតភាពអាស៊ី (APO) និងមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងរដ្ឋាភិបាលឌីជីថល ពីថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលដៅលើកកម្ពស់ផលិតភាពក្នុងតំបន់អាស៊ី។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកតំណាងអង្គការផលិតភាពអាស៊ីប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នផលិតភាពមកពីប្រទេសជាច្រើន រួមមានកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា ថៃ ទួរគី និងវៀតណាម។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានលើកឡើងថា៖ “បច្ចេកវិទ្យា Blockchain បានលេចចេញជាកម្លាំងផ្លាស់ ប្តូរដ៏សំខាន់នៅក្នុងវិស័យជាច្រើន រួមទាំងគំនិតផ្តួចផ្តើមរដ្ឋាភិបាលឌីជីថលផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យានេះអាចជួយបង្កើនតម្លាភាព ប្រសិទ្ធភាព និងសន្តិសុខនៅក្នុងដំណើរការរបស់រាជរដ្ឋាភិបាល។Ó

ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ តំណាងស្ថាប័នផលិតភាពក្នុងតំបន់នឹងសិក្សាពីការប្រើប្រាស់ជាក់ស្តែងនៃដំណោះស្រាយដែលផ្អែកលើបច្ចេកវិទ្យា Blockchain នៅក្នុងប្រព័ន្ធអភិបាលកិច្ចឌីជីថល, ស្វែងយល់ពី​សារៈសំខាន់នៃស្ថាបត្យកម្មបច្ចេកវិទ្យា Blockchain ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាដោយស្ថាប័នសាធារណៈ, ព្រមទាំងបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃកម្មវិធីរដ្ឋាភិបាល ​ឌីជីថលតាមរយៈកម្មវិធីបច្ចេកវិទ្យា Blockchain ។

អង្គការផលិតភាពអាស៊ី មានបេសកកម្មលើកកម្ពស់ផលិតភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈកិច្ច សហការ ការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹង ក្នុងគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.