លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី បានប្តេជ្ញាថា នឹងចាប់ផ្តើមឡើងវិញនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល ៣ឆ្នាំក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី ទៅកាន់ទីក្រុងប៉េកាំងចាប់តាំងពីចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ក្នុងកិច្ចប្រជុំជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន លោកស្រី Meloni ដែលដឹកនាំរដ្ឋាភិបាលស្តាំនិយមចាប់តាំងពីឆ្នាំ ២០២២ បានប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃទំនាក់ទំនងទ្វេភាគី បើទោះបីជាអ៊ីតាលីបានដកខ្លួនចេញពីគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ ចិនកាលពីឆ្នាំមុនក៏ដោយ ក៏ប្រទេសទាំងពីរនៅតែស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដែរ។ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ដែលបានចុះហត្ថលេខារួមមានវិស័យសំខាន់ៗដូចជាការផលិតរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ ដោយការវិនិយោគរបស់ចិនត្រូវបាន លោកស្រី Meloni មើលឃើញថា ជាឱកាសដ៏ល្អបំផុតក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី។

គួរបញ្ចាក់ថា គោលដៅចម្បងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនទាំងពីរ។ ទោះបីជាយ៉ាងណាលោកស្រីក៏បានបង្ហាញ ការព្រួយបារម្ភអំពីការផលិតលើសតម្រូវការរបស់ចិន និងការគាំទ្ររបស់ចិនចំពោះរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែនផងដែរ៕

ប្រភព ក្រសួងព័ត៌មាន

Share.

Comments are closed.