កាលពីថ្ងៃអាទិត្យលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានគំរាមចាប់ផ្តើមផលិតអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យមឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកបញ្ជាក់ពីចេតនារបស់ខ្លួន ក្នុងការដាក់ពង្រាយមីស៊ីលទៅកាន់ប្រទេសអាល្លឺម៉ង់ ឬកន្លែងផ្សេងទៀតនៅទ្វីបអឺរ៉ុប។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ លោក ពូទីន បានព្រមានថា រុស្ស៊ីអាច នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងមិនដាក់ពង្រាយអាវុធមីស៊ីល បាញ់ប្រហាររយៈចម្ងាយមធ្យម និងខ្លី ដែលបានធ្វើឡើងកាលពីអតីតកាល ប្រសិនបើសហរដ្ឋអាមេរិកបន្តអនុវត្តផែនការមួយនេះ។

មីស៊ីលបែបនេះអាចធ្វើដំណើរបានចម្ងាយពី ៥០០ គីឡូម៉ែត្រ ទៅ ៥,៥០០ គីឡូម៉ែត្រ គឺជាកម្មវត្ថុនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងសហភាពសូវៀត ក្នុងឆ្នាំ ១៩៨៧ ហើយទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូបានដកខ្លួនចេញពីសន្ធិសញ្ញានេះក្នុងឆ្នាំ ២០១៩។

នៅដើមខែកក្កដានេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំងបានប្រកាសថា “និងដាក់ពង្រាយជាដំណាក់កាល” នូវមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក រួមទាំងមីស៊ីល Tomahawk ទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦៕ គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយថា ខ្លួននឹងមិនចាប់ផ្តើមផលិតមីស៊ីលបែបនេះឡើងវិញទេ ដរាបណាសហរដ្ឋអាមេរិកមិនដាក់ពង្រាយមីស៊ីលនៅបរទេស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.