តាមការចាត់តាំងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីពិនិត្យមើលស្ថានភាពការងារ និងសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រដ្ឋមន្រ្តីបានចុះជួបជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជកដើម្បីពិនិត្យមើលស្ថានភាពការងារ និងលក្ខខណ្ឌការងារក្នុងរោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  

កម្មវិធីចុះជួបសំណេះសំណាល រួមនិងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ រួមមានរោងចក្រ RONG WIN GARMENT CO.,LTD. ដឹកនាំដោយឯកឧត្តម សោម អូន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, រោងចក្រ YORKMAR (CAMBODIA GARMENT MFG CO., LTD. ដឹកនាំដោយ ឯកឧត្តម សាត សមុទ្រ រដ្ឋលេខាធិកា, រោងចក្រ វ៉ាសថ៍ អឹភែរឹល (ខេមបូឌា) ដឹកនាំ ឯកឧត្តម លូ លីឃីម រដ្ឋលេខាធិការ។

នៅក្នុងឱកាសពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ RONG WIN GARMENT CO.,LTD. ស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម សោម អូន បានពិនិត្យឃើញថា ម្ចាស់សហគ្រាសបានអនុវត្តលក្ខខណ្ឌការងារ និងផ្តល់អអត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករបានត្រឹមត្រូវស្របតាមច្បាប់ការងារ។ ក្នុងនោះ ភាគីរោងចក្របានផ្តល់ដូចជា ប្រាក់ឈ្នួលគោលអប្បបរមា ២០៤ ដុល្លារក្នុងមួយខែ, ការផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ ១០ ដុល្លារក្នងមួយខែ, ប្រាក់រង្វាន់អតីតភាពការងារ, ថ្លៃស្នាក់នៅ, សោហ៊ុយធ្វើដំណើរ, ប្រាក់ថ្លៃបាយថ្ងៃត្រង់, ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។

ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ ក្នុងការលើកកម្ពស់សុខដុមណីយកម្មនៅតាម គ្រឹះស្ថាន រោងចក្រ សហគ្រាស។ បន្ថែមពីនោះឯកឧត្តមក៏បានស្នើឱ្យម្ចាស់រោងចក្រ RONG WIN GARMENT CO.,LTD បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចដែលត្រូវបានកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់របស់កម្ពុជាផងដែរ។

ដោយឡែក ក្នុងការចុះសំណេះសំណាល ពិនិត្យស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅរោងចក្រកាត់ដែរសម្លៀកបំពាក់ YORKMAR (CAMBODIA GARMENT MFG CO., LTD. ស្ថិត ខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម សាត សមុទ្រ បានជួបសំណេះសំណាលជាមួយតំណាងម្ចាស់រោងចក្រ និងបានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង ផ្នែក QC(ការពិនិត្យគុណភាព) និងពេទ្យសង្គ្រោះផងដែរ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយភាពស្និទ្ធស្នាល។ ទន្ទឹមនេះ ឯកឧត្តមបានស្នើឱ្យម្ចាស់រោងចក្រសូមបន្តយយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ។

ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រមាណ ៩០០នាក់ ដែលកំពុងបំពេញការងារនៅរោងចក្រ វ៉ាសថ៍ អឹភែរឹល (ខេមបូឌា). ស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម លូ លីឃីម បានកត់សំគាល់ឃើញថា ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិតជាមួយនិយោជកមានភាពល្អប្រសើរ ខណៈដែលម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិតបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់។

ឯកឧត្តម បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.