ជាប្រាសាទដែលមានចំណាស់ជាងមួយពាន់ឆ្នាំខណៈនេះប្រាសាទ​ត្រពាំងផុង ដែលជាប្រាសាទទោល កសាងឡើងអំពីឥដ្ឋ មាន​សភាពទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញនៃ​អាជ្ញាធរជាតិ​អប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែក​ខាងកើត ខាងត្បូង និងខាងជើង។

លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួសនៃអាជ្ញាធរ​ជាតិអប្សរា​បានឱ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ថា ក្រុមការងារត្រូវតែជួយ​សង្រ្គោះប្រាសាទ​ត្រពាំងផុងជាបន្ទាន់ ដោយចាប់ផ្ដើមជួសជុលតាំងពីគ្រឹះរហូតដល់កំពូលប្រាសាទ។

លោកបន្តថា ការជួសជុលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលផ្នែកខាងលិច ហើយដំណាក់កាលទី២ គឺជួសជុលផ្នែក​ខាងកើត ខាងត្បូងនិងខាងជើង។

ប្រាសាទត្រពាំងផុង កសាងឡើងពីឥដ្ឋបូកជាមួយកំបោរបាយអពីលើ ដោយមានការតុបតែងលម្អផ្តែរ ជណ្ដើរ ស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាសាទ​នេះ មានតួប្រាង្គ៥ មានបណ្ណាល័យ ហើយមាន​កសិន្ធុទឹកព័ន្ធជុំវិញ។

បច្ចុប្បន្នដោយសារប្រាសាទត្រពាំងផុង មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា ឥដ្ឋមួយចំនួនបានពុកផុយ ផ្តែរមុខនៅផ្នែកខាងកើត​បានបាត់ ទើបក្រុមអភិរក្សនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុល និងជួយសង្គ្រោះឡើងវិញដោយ​យកចិត្តទុកដាក់ខ្ពស់បំផុត។

ប្រាសាទត្រពាំងផុង ត្រូវបានសាងសង់ឡើង នៅពាក់កណ្តាល​សតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ (៨៥៤-៨៧៧) ដែលត្រូវ​ជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) ដ៏ខ្លាំង​ពូកែដែលបានបង្រួមជាតិនៅលើទឹកដីចេនឡា​ឱ្យ​មានឯកភាព​ឡើងវិញ។ ដោយសារប្រទេសខ្មែរ មានសន្តិភាព ដ៏បរិបូរណ៍ចាប់​តាំងពីរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានប្រារព្ធពិធី​រាជា​អភិសេក​លើភ្នំគូលែននៅឆ្នាំ៨០២ មក វិស័យសិល្បៈស្ថាបត្យកម្ម មានការរីកចម្រើនយ៉ាងខ្លាំងក្លាបំផុត នៅក្នុងតំបន់រលួស​ដែលជាវាលទំនាបស្ថិតនៅទិសអាគ្នេយ៍នៃខេត្តសៀមរាប។

ប្រាសាទត្រពាំងផុង មានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំបាគង ស្រុកបាគង ដែលមានចំងាយប្រមាណជា ៤៧គីឡូម៉ែត្រ ពីទីរួម​ខេត្តសៀមរាប។ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីប្រាសាទបាគង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.