លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិនបានព្រមានហ្វីលីពីនពីការដាក់ពង្រាយ មីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកដោយនិយាយថា ទង្វើបែបនេះអាចបញ្ឆេះភាពតានតឹងក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីល ថៃហ្វុន (Typhon) របស់ខ្លួនទៅហ្វីលីពីន ដែលជាផ្នែកមួយនៃសមយុទ្ធយោធារួមគ្នាកាល ពីដើមឆ្នាំនេះ។

លោក Wang បានប្រាប់លោក អ៊ិនរីក ម៉ាណាឡូ (Enrique Manalo) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវថា ទំនាក់ទំនងចិន-ហ្វីលីពីន ឥឡូវនេះកំពុងស្ថិតនៅផ្លូវបញ្ហា ហើយការសន្ទនា និងការពិគ្រោះយោបល់គឺជាផ្លូវត្រឹមត្រូវ។ លោក Wang បានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងប្រឈមមុខនឹងបញ្ហា ដោយសារតែហ្វីលីពីន បាន “បំពានម្តងហើយម្តងទៀតនូវការព្រមព្រៀងរបស់ភាគីទាំងពីរ និងការប្តេជ្ញាចិត្តរបស់ខ្លួន”។

លោកបានបន្ថែមថា ប្រសិនបើហ្វីលីពីនប្រើប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិក វានឹងបង្កើតភាពតានតឹង និងការប្រឈមមុខគ្នានៅក្នុងតំបន់ និងបង្កឱ្យមានការប្រណាំងអាវុធ ដែលមិនសមស្របនឹងផល ប្រយោជន៍ និងបំណងប្រាថ្នារបស់ប្រជាជនហ្វីលីពីននោះទេ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.