ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ជូនគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយលោក ZHONG ZHENGBING អនុប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន នូវគំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការរៀបចំបង្កើតរបៀងឧស្សាហកម្ម និងច្រករបៀងមច្ឆានិងអង្ករ ដែលនឹងក្លាយទៅជាកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឈានខ្ពស់សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តម  ក៏បានបញ្ជាក់ពីការផ្ដល់កិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តវិនិយោគ, និងសេវាថែទាំវិនិយោគ ដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឱ្យគណៈប្រតិភូធ្វើការសិក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់កិច្ចសហការបន្ថែមចំពោះគម្រោងផងដែរ

នៅក្នុងជំនួនសម្តែងការគួរសម ពិភាក្សាការងារ ក្នុងគោលបំណងពិភាក្សាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសិក្សាស្វែងយល់ពីកាលានុវត្តភាពនិងច្បាប់ និងបទបញ្ញត្តិស្ដីពីវិនិយោគនៅកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ZHONG ZHENGBING អនុប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញពីចេតនាក្នុងការចូលរួមចំណែកវិនិយោគលើវិស័យសក្ដានុពលលទ្ធភាពនានាក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឆ្លៀតនាឱកាសនោះ លោកអនុប្រធានសមាគម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្ដម និងសហការី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្ដែងការគួរសមនាឱកាសនេះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.