ប្រធានរដ្ឋថ្មីរបស់វៀតណាម ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថា ភាគីទាំងពីរ កម្ពុជា-វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក ។ ឯកឧត្តម តូ ឡឹម នឹងបន្តការងារទាំងអស់នោះ ដើម្បីឲ្យការងារទាំងបក្ស និងរដ្ឋនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏ដូចជាការងារបក្ស និងរដ្ឋ នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ឲ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។

នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានបង្ហាញនូវមនោសញ្ចេតនា ក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង រហូតដល់ថ្ងៃទី២៦ កក្កដា ស្អែកទៀត ដែលនេះបានបង្ហាញឲ្យឃើញថា មិត្តភាពដែលមានជាង១ទសវត្សរ៍កន្លងទៅ រវាង ឯកឧត្តម ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្តេចតេជោ គឺពិតជាមានតម្លៃខ្លាំងណាស់។

ឯកឧត្តម តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាឱកាសនេះ។

ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណថ្វាយ និងជូនចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើនូវសាររំលែកទុក្ខចំពោះការបាត់បង់ ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម និងជាការបាត់បង់របស់ប្រជាជនកម្ពុជាផងដែរ។ ភាគីទាំងពីរបានសំដែង នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ នូវធនធានមហាបុរសរដ្ឋនេះ ទាំងបក្សនិងប្រជាជនវៀតណាម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.