ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យពង្រឹងគុណភាព និងសមត្ថភាពជំនាញ ដោយត្រូវខិតខំស្វែងរក ឱកាសទទួលបាននូវការបណ្តុះបណ្តាលស្តីពីជំនាញសារព័ត៌មាននិងក្រមសីលធម៌ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំង ព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌មានពិតដើម្បីពន្យល់និងបំភ្លឺសាធារណៈជនក្នុងគោលបំណងបន្សាបព័ត៌មាន ក្លែងក្លាយទាំងនោះពីលំហព័ត៌មានក្នុងសង្គមកម្ពុជា។

ឯកឧត្តមនេត្រ ភក្ត្រា បានលើកឡើងអំពីគ្រោះថ្នាក់នៃការទទួលព័ត៌មានដែលត្រូវបានគេកាឡៃ គ្មានប្រភពច្បាស់លាស់ផ្សាយក្នុង គោលបំណងទុច្ចរិត ក៏ដូចជាការបំភ្លៃការពិត ការបំភាន់មតិសាធារណៈ ដើម្បីបំពុលសង្គម បានជះឥទ្ធិពលអាក្រក់ និង បង្កផលវិបាកមកលើសង្គម ពោលគឺបង្កឱ្យមានភាពចលាចល ភាពច្របូកច្របល់ និងអសន្តិសុខក្នុងសង្គម។ ការបង្ហាញអំពីផលវិបាករបស់ព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងនៅសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលត្រូវបានរៀបចំឡើង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ បន្ថែមថា៖«បច្ចេកវិទ្យាបានបើកឱកាសដល់អ្នកប្រើប្រាស់អ៊ីនធឺណិតបង្កើតមាតិកាជាច្រើន ជាពិសេសតាមរយៈគណនី យ៉ាងសម្បូរបែបលើបណ្តាញទំនាក់ទំនងសង្គមរបស់គេ ដែលបានយកទៅបម្រើការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈ ការផលិត និងបញ្ចេញព័ត៌មានក្លែងក្លាយផ្សេងៗជាសាធារណៈ ជាប្រចាំ ដោយមិនបានគិតដល់ហានិភ័យ និងផលវិបាក នានា ដែលព័ត៌មានកាឡៃ បំភ្លៃ បំភាន់ ទាំងនោះបានបង្កឡើងដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ព័ត៌មានឡើយ។ ទង្វើទាំងនេះបានប៉ះពាល់ដល់ការទទួលព័ត៌មានពិត ប្រកបដោយគុណភាព និងសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានកត់ត្រាព័ត៌មានក្លែងក្លាយចំនួនជាងបីពាន់ករណី ក្នុងនោះករណីព័ត៌មានក្លែងក្លាយជាច្រើនបានកើតឡើងលើបណ្តាញទំនាក់ទំនងសង្គម ដែលប្រជាពលរដ្ឋបានទទួល និងមួយចំនួនបានក្លាយជា ជនរងគ្រោះដោយសារព័ត៌មានក្លែងក្លាយទាំងនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.