ឯកឧត្ដមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ចាត់ទុកទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងព្រះរាជាណាចក្រកម្ពុជា គឺពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលហូតមកទល់ពេលនេះវាមានរយៈពេល ២២ឆ្នាំ ដោយក្នុងរយៈពេល ២២ឆ្នាំនេះ ទំនាក់ទំនងការទូតរវាងទីម័រឡេស្តេ និងកម្ពុជា តែងតែរីកចម្រើនល្អប្រសើរឡើងជាលំដាប់។ ឯកឧត្ដមបានគូសបញ្ជាក់ថា ប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំទៅវិញទៅមក រួមមាន ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ទីម័រឡេស្តេ និងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេមកកាន់កម្ពុជាជាដើម ដោយតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនេះ បានជំរុញទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរឈានដល់ចំណុចមួយយ៉ាងល្អប្រសើរ និងជាទីពេញចិត្ត។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមផ្តល់នូវកិច្ចសំភាសន៍ផ្តាច់មុខមួយជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ស្តីពីទំនាក់ទំនងការទូតរបស់ទីម័រឡេស្តេជាមួយកម្ពុជាក្នុងរយៈពេល២២ឆ្នាំ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម Ermenegildo Kupa Lopes បានលើកឡើងថា បន្ទាប់ពីទីម័រឡេស្តេទទួលបានឯករាជ្យក្នុងឆ្នាំ២០០២​មក ហើយខ្លួនបានធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ានក្នុងនោះក៏មានកម្ពុជាផងដែរ ខណៈទីម័របានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាផ្លូវការនៅក្នុងឆ្នាំ២០១៥ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទីម័រឡេស្តេពិតជាមានការកោតសរសើរជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងចេតនាចង់នាំយកទីម័រឡេស្តេចូលជាសមាជិកទី១១ របស់ សមាគមអាស៊ាន ដោយយើងពិតជាបានមើលឃើញពីការខិតខំយ៉ាងខ្លាំងរបស់កម្ពុជានៅក្នុងកិច្ចការនេះ។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលនេះទីម័រឡេស្តេ គឺនៅតែជាប្រទេសសង្កេតការណ៍នៅឡើយទេ តែយើងនៅតែថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីម័រឡេស្តេ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតជាមួយកម្ពុជាឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត និងនៅតែមានជំនឿយ៉ាងមុតមាំថាក្រោមការរួមចំណែកដ៏សំខាន់របស់កម្ពុជាទីម័រឡេស្តេនឹងបានចូលជាសមាជិកទី១១ របស់សមាគមអាស៊ាននាពេលខាងមុខជាក់ជាមិនខានឡើយ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.