ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរអំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងរយៈពេល ៦៦ឆ្នាំនេះ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍទៅជាមិត្តភាពដែកថែប។

នៅក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងការចូលកាន់តំណែងថ្មីរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកអំពីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍វាសនារួម និងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦។

យោងតាមការផ្សាយក្នុងគេទំព័ររាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ មិត្តភាពរវាងកម្ពុជា និងចិន ត្រូវបានចាក់ឫសគោលការណ៍បច្ចសីលាសន្តិសហវិជ្ជមាន៖ ការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក ការមិនឈ្លានពានគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក សមភាពនិងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមាន។ ប្រទេសទាំងពីរកំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមនិងជាសកល ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត និងគ្រប់វេទិកាទាំងអស់ និងលើកកម្ពស់ការយោគយល់គ្នាកាន់តែស៊ីជម្រៅ ដើម្បីធានាថាប្រទេសទាំងពីរបន្តសមិទ្ធិផលដ៏អស្ចារ្យនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក។

ដោយឡែកទាក់ទងនឹងវិស័យពាណិជ្ជកម្មវិញ ប្រទេសចិនស្ថិតនៅលំដាប់ទី១ជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាដែលធ្វើការនាំចេញ នាំចូលទំនិញច្រើនជាងគេ ហើយប្រទេសជាដៃគូពាណិជ្ជកម្មកំពូលៗរបស់កម្ពុជាបន្ទាប់ពីចិនមានដូចជា អាម៉េរិក វៀតណាម ថៃ និងជប៉ុន។ល។

បើតាមរបាយការណ៍ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤(ចាប់ពីខែមករា-មិថុនា) កម្ពុជាបាននាំចេញទៅចិនក្នុងទឹកប្រាក់ចំនួន ៨១៤,៨២៩ ពាន់ដុល្លារ កើនឡើង ១៤.២ភាគរយ និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ៦.៤ ពាន់លានដុល្លារ កើនឡើង ១៩.៤ភាគរយ។

ទន្ទឹមនឹងនេះកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) គឺជាកត្តាជំរុញ​សម្រាប់​កំណើនពាណិជ្ជកម្មនេះ។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរ ផលិតផលរបស់កម្ពុជា ជាពិសេសកសិផលដែលមាន​គុណភាពខ្ពស់ដូចជា អង្ករ ចេកលឿង ស្វាយ ដំឡូងមី និងម្រេច ត្រូវបាននាំចេញទៅ​កាន់ប្រទេសចិន​ជាមួយនឹងការអនុគ្រោះពន្ធុ៕

ប្រភព​​៖ ក្រសួងព័ត៌មាន

Share.

Comments are closed.