កាលពីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននិង​ជាប្រធាន លេខាធិការដ្ឋាននៃគណៈកម្មាធិការ​ពិសេស​ដើម្បី​ជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីក​ហ្វូណន​តេជោ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានអម​ដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី១ក្រុម​ប្រឹក្សាអភិវឌ្ឍន៍ កម្ពុជានិងជាអនុប្រធានប្រចាំការនៃគណៈកម្មា​ធិការ​ពិសេសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងាររៀប​ចំទីតាំង​ត្រៀម ប្រារព្ធពិធីបើកការដ្ឋាននៅពេលឆាប់ៗខាងមុខ។

គម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ខែសីហាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេស​ដើម្បីជំរុញ​ការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ គម្រោងព្រែកជីកហ្វូណនតេជោដែលជាប្រវត្តិសាស្រ្តកម្ពុជានឹងចាប់ពីចំណុចនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះ​ដែល​ភ្ជាប់ពីទន្លេទៅកាន់សមុទ្រ នឹងឆ្លងកាត់ខេត្តចំនួនបួន ក្នុងនេះមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។

ព្រែកជីកហ្វូណនតេជោនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម -សេដ្ឋកិច្ចកម្ពុជាដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូន​ពហុមធ្យោបាយ, ចំណេញចម្ងាយផ្លូវ ,ចំណេញពេលវេលានិង​ថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែង ត្រង់ទៅសមុទ្រ ។បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់។ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅភាគនិរតី ទទួល​បានផលពីការនេសាទនិងពីវារីវប្បកម្មព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ។ ជាពិសេសការបង្កើតតំបន់សេដ្ឋ​កិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។

សូមបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជា​គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិង​ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិង​កំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.