គិតចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០ គម្រោង ដែលមានទុន វិនិយោគសរុបប្រមាណ ៣,២ពាន់ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២ កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។

យោងតាមការចេញផ្សាយលើបណ្តាញសង្គមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ជាមួយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងគោះទ្វារទាក់ទាញវិនិយោគិនពីគ្រប់ទិសទី ដើម្បីឱ្យចូលមកវិនិយោគនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលអាចសម្រេចបានផែនការឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.