លោករដ្ឋមន្ត្រី ហ្សាហ្រ្វ៊ុល អាប់ឌុល អាហ្ស៊ីស (Zafrul Abdul Aziz) បាននិយាយកាលពីថ្ងៃទី១៧ ខែកក្កដាថា ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI) គាំទ្រចំពោះការអនុវត្តយុទ្ធសាស្ត្រវិនិយោគបៃតង ដើម្បីទាក់ទាញការវិនិយោគបៃតងទៅកាន់ប្រទេសនេះ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។

ក្រសួងនឹងផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគបៃតង ដើម្បីជួយសម្រេចគោលដៅនៃការបំភាយកាបូនសូន្យសុទ្ធនៅត្រឹមដើមឆ្នាំ២០៥០ ដូចដែលបានគូសបញ្ជាក់ដោយផែនការមេឧស្សាហូបនីយកម្មថ្មី ឆ្នាំ២០៣០ (NIMP 2030) និងផែនទីបង្ហាញផ្លូវផ្លាស់ប្តូរថាមពលជាតិ (NETR)។

ការអនុវត្តយុទ្ធសាស្ត្រនេះនឹងនាំទៅរកការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព មានសណ្តាប់ធ្នាប់ និងមានលក្ខណៈជាប្រព័ន្ធនៅក្នុងប្រទេសម៉ាឡេស៊ី។

លោកបាននិយាយបន្ថែមថា ក្នុងចំណោមគោលដៅសំខាន់ៗ គឺទាក់ទាញការវិនិយោគឱ្យបានប្រមាណជិត ៨ដងទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចបាននូវគោលបំណងដែលមានចែងក្នុងផែនការ NIMP 2030 និងផែនទីបង្ហាញផ្លូវ NETR ធានាការវិនិយោគទៅលើស្នូលកាបូនទាបចំនួន៧ ទាញយកអត្ថប្រយោជន៍ពីការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យបច្ចេកវិទ្យាបៃតង និងធ្វើឱ្យប្រសើរឡើងនៃប្រព័ន្ធអេកូឡូស៊ីវិនិយោគបៃតង។

លោកបាននិយាយថា គោលបំណងនេះនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ចសង្គមក្នុងឧស្សាហកម្មបៃតង ក៏ដូចជាការបង្កើតការងារថ្មីៗ និងជំនាញអភិវឌ្ឍន៍ក្នុងឧស្សាហកម្មបៃតង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.