លេខាធិការសារព័ត៌មានរបស់សេតវិមាន លោកស្រី ការីន ជីនភែរ (Karine Jean-Pierre) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ ប្រភេទថ្មី។

លោកស្រី ជីនភែរ បាននិយាយថា «បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍ដំបូងរបស់លោកនៅទីក្រុងឡាសវេហ្គាស់ លោកប្រធានាធិបតី បៃដិន បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ។ លោកបានទទួលការចាក់វ៉ាក់សាំង និងដូសជំរុញ ហើយលោកកំពុងមានរោគសញ្ញាស្រាល»។

លេខាធិការសារព័ត៌មានរូបនេះបាននិយាយបន្ថែមថា លោក បៃដិន នឹងវិលត្រលប់ទៅកាន់រដ្ឋ Delaware វិញ ជាកន្លែងដែលលោកនឹងនៅត្រូវនៅដាច់ដោយឡែកពីគេ ហើយនឹងបន្តបំពេញភារកិច្ចទាំងអស់របស់លោកយ៉ាងពេញលេញក្នុងអំឡុងពេលនោះ។

វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីបានជូនដំណឹងថា មេដឹកនាំសហរដ្ឋអាមេរិករូបនេះកំពុងមានអាការៈហៀរសំបោរ ក្អក និងអាការៈជំងឺទូទៅ។

លោកវេជ្ជបណ្ឌិតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយសេតវិមានថា «លោកប្រធានាធិបតីមានអារម្មណ៍មិនអីទេសម្រាប់ព្រឹត្តិការណ៍ដំបូងនៃថ្ងៃនោះ ប៉ុន្តែដោយសារលោកមិនមានអារម្មណ៍ធូរស្រាល ដូច្នេះក៏សម្រេចធ្វើតេស្តសម្រាប់ជំងឺកូវីដ-១៩ តែម្តង ហើយលទ្ធផលគឺវិជ្ជមានសម្រាប់វីរុសកូវីដ-១៩»។

យោងតាមសារព័ត៌មានរបស់សេតវិមាន បានឱ្យដឹងថា លោក បៃដិន កំពុងមានអារម្មណ៍ល្អ។ ប្រធានាធិបតីមិនបានពាក់ម៉ាស់ការពារទេ ពេលដែលលោកឡើងយន្តហោះ Air Force One ដោយគ្មានជំនួយ។

នៅពេលសួរអំពីសុខភាព លោក បៃដិន បានប្រាប់អ្នកសារព័ត៌មានដែលធ្វើដំណើរជាមួយលោកថា «ខ្ញុំមានអារម្មណ៍ល្អធម្មតា»។

ការប្រកាសនេះត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីនាយកប្រតិបត្តិ UnidosUS លោកស្រី ចាណេត ម័រហ្គៀ (Janet Murguia) បាននិយាយថា លោក បៃដិន នឹងលើកចោលនូវព្រឹត្តិការណ៍បន្ទាប់នៅទីក្រុងឡាសវេហ្គាស់ ដោយសារតែករណីឆ្លងជំងឺកូវីដ-១៩ នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.