ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំង លោក អេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron) ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទនេះ លោក ស៊ីស៊ី បានពន្យល់ប្រាប់លោក ម៉ាក្រុន អំពីកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់ប្រទេសអេហ្ស៊ីបរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈពេលដែលបានបង្ហាញពីតម្រូវការសម្រាប់ការបង្រួបបង្រួមនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីធានានូវភាពជោគជ័យនៃការសម្រុះសម្រួល និងផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ទៅកាន់ប៉ាឡេស្ទីន។

លោក ម៉ាក្រុន បានសម្តែងការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីនដែលកំពុងបន្ត។ មេដឹកនាំទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ជម្លោះកុំឱ្យរីករាលដាល និងទប់ស្កាត់ក្នុងតំបន់មិនឱ្យធ្លាក់ចូលទៅក្នុងភាពចលាចលបន្ថែមទៀត។

មេដឹកនាំទាំងពីរបានរំលឹកឡើងវិញពីភាពចាំបាច់ក្នុងការជំរុញដំណោះស្រាយរដ្ឋទាំងពីរដែលជាមធ្យោបាយដ៏ល្អបំផុតដើម្បីសម្រេចបាននូវសន្តិសុខ និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។ឮ

ប្រទេសអេហ្ស៊ីប និងកាតា បានរៀបចំការចរចារជាថ្មីកាលពីសប្តាហ៍មុន ដោយមានការចូលរួមពីសហរដ្ឋអាមេរិកសំដៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរអ្នកជាប់ឃុំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ទោះយ៉ាងណាក៏ដោយ វឌ្ឍនភាពតិចតួចត្រូវបានបង្កើតឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.