ស្របពេលដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត សភាអ៊ឺរ៉ុបបានអះអាងសារជាថ្មីកាលពីថ្ងៃពុធ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ដោយសង្កត់ធ្ងន់ទៅលើការគាំទ្រឥតងាករេសម្រាប់ទីក្រុងគៀវរហូតដល់ការសម្រេចបានជ័យជំនះ។

នៅក្នុងដំណោះស្រាយ ដែលបានអនុម័តក្នុងសម័យប្រជុំពេញអង្គរបស់សភាសហភាពអឺរ៉ុបជាមួយនឹងការបោះឆ្នោតគាំទ្រចំនួន ៤៩៥សំឡេង ឆ្នោតប្រឆាំងចំនួន ១៣៧សំឡេង និងឆ្នោតអុប្បវាទ ៤៧សំឡេង សមាជិកសភាដែលទើបជាប់ឆ្នោតថ្មីបានគូសបញ្ជាក់ពីគោលជំហរផ្លូវការដំបូងរបស់ពួកគេចំពោះជម្លោះនោះ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែននៅក្នុងការទទួលស្គាល់ជាព្រំដែនអន្តរជាតិ។

ដំណោះស្រាយនេះបានអំពាវនាវឱ្យសហភាពអឺរ៉ុបរក្សា និងពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងបេឡារុស្ស ដោយធានាឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទប់ស្កាត់ការគេចវេសពីបណ្តាក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុប ភាគីទីបី ឬប្រទេសដទៃទៀត។

សមាជិកសភាទាំងនោះបានសម្តែងការជឿជាក់យ៉ាងមុតមាំថា ប្រទេសរុស្ស៊ីគួរតែផ្តល់សំណងផ្នែកហិរញ្ញវត្ថុសម្រាប់ការខូចខាតដែលបានបង្កឡើងទៅលើអ៊ុយក្រែន។ ពួកគេបានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ប្លុកនេះក្នុងការប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន និងបានតស៊ូមតិសម្រាប់ក្របខ័ណ្ឌច្បាប់ដ៏រឹងមាំមួយដើម្បីរឹបអូសទ្រព្យសម្បត្តិទាំងនោះ។

សភាអ៊ឺរ៉ុបក៏បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាពេលកន្លងមកថ្មីៗនេះដែរ ដោយបានបញ្ជាក់សារជាថ្មីអំពីផ្លូវរបស់អ៊ុយក្រែនចំពោះការចូលរួមជាសមាជិកភាពរបស់អង្គការណាតូ។ សមាជិកសភាបានជំរុញឱ្យសហភាពអឺរ៉ុប និងរដ្ឋជាសមាជិកបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ហើយបានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុបស្នើជំនួយហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.