យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក ចូ តេយុល (Cho Tae-yul) បានជួបជាមួយ លោកស្រី ប៉ាមេឡា មេលរ៉យ (Pamela Melroy) អនុប្រធានរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិសហរដ្ឋអាមេរិក (NASA) កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអវកាសរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងសេអ៊ូល លោក ចូ បានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាងទីភ្នាក់ងារអវកាសជាតិ រដ្ឋបាលអវកាសកូរ៉េ (KASA) និងអង្គការ NASA ។ រដ្ឋបាល KASA ត្រូវបានដាក់ឱ្យដំណើរការនៅទីក្រុងសាឆុន ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៧ ខែឧសភា។

លោក ចូ ត្រូវបានដកស្រង់សម្តីដោយក្រសួងថា «កិច្ចសហប្រតិបត្តិការអវកាសរវាងប្រទេសទាំងពីរផ្អែកលើសម្ព័ន្ធភាពកូរ៉េ-សហរដ្ឋអាមេរិក គឺជាទិដ្ឋភាពស្នូលនៃការទូតអវកាសរបស់យើង ហើយកិច្ចសហប្រតិបត្តិការជាមួយអង្គការ NASA គឺមានសារៈសំខាន់ជាពិសេស»។

លោកស្រី មេលរ៉យ បានគូសបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងដែលចែករំលែកតម្លៃនៃតម្លាភាព និងលទ្ធិប្រជាធិបតេយ្យជាមួយសហរដ្ឋអាមេរិក គឺជាដៃគូសហប្រតិបត្តិការអវកាសដ៏សំខាន់។

អវកាសយានិកចូលនិវត្តន៍ក៏បានសម្តែងការទន្ទឹងរង់ចាំសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមហាអំណាចអវកាសឈានមុខគេនៅទ្វីបអាស៊ីលើវិស័យដូចជា ការអភិវឌ្ឍន៍ផ្កាយរណប និងការអង្កេតលើលំហ។

ភាគីទាំងពីរក៏បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអវកាសតាមរយៈស្ថាប័នពិគ្រោះយោបល់ទ្វេភាគី ដោយផ្អែកលើកិច្ចព្រមព្រៀងអវកាសទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.