រដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈ ដើម្បីសហការគាំទ្រ ចំពោះយុទ្ធសាស្រ្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមថ្មីលើ សកម្មភាពមីន ជប៉ុន-កម្ពុជា។នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន និងគណៈប្រតិភូមកពីប្រទស ជប៉ុន តំណាងរាស្រ្តជប៉ុន តំណាងក្រសួងការបរទេសជប៉ុន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា។ ជម្រាបទៅកាន់គណៈប្រតិភូនឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូ ជាន់ខ្ពស់ជប៉ុនមកកម្ពុជា បង្ហាញពីសក្ខីភាពនៃទំនាក់ទំនងយូរអង្វែងជាប្រវត្តិសាស្រ្ត និង ស៊ីជម្រៅរវាងប្រទេស និងប្រជាជនទាំងពីរ ចាប់តាំងពីឆ្នាំ១៦០៣ ក្នុងខណៈដែលកប៉ាល់ ពាណិជ្ជកម្មកម្ពុជាបានចូលចតនៅកំពង់ផែ Nagasaki និងការបង្កើតទំនាក់ទំនងការទូត ផ្លូវការរវាងកម្ពុជា-ជប៉ុន ចាប់តាំងពីឆ្នាំ១៩៥៣។

តំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណ ដល់រាជរដ្ឋាភិបាលជប៉ុន ដែលចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការស្តារប្រទេសជាតិឡើងវិញ ក្នុងនោះរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌រយៈពេលជាង៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ។ ការចូលរួមរបស់ជប៉ុន ពិតជាបានឆ្លើយ តបនឹងគោលនយោបាយកាត់បន្ថយភាពក្រី ការកាត់បន្ថយគ្រោះថ្នាក់ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាម មូលដ្ឋាន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈដើម្បីសហការគាំទ្រ ចំពោះយុទ្ធសាស្រ្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ “គំនិតផ្តួចផ្តើមថ្មីលើសកម្មភាពមីន ជប៉ុន-កម្ពុជា” ហើយកម្ពុជាត្រៀមសហការ និងផ្តល់ភាពជាដៃគូ ដើម្បីភាពជោគជ័យរបស់ជប៉ុនក្នុងការធ្វើជាប្រធាន កិច្ចប្រជុំរដ្ឋភាគី លើកទី២២ ឆ្នាំ២០២៥ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ ចំណែកឯកឧត្តម YAMAGUCHI Natsuo ធ្លាប់បានទស្សនកិច្ចនៅ កម្ពុជា ចំនួនពីរដងក្នុងឆ្នាំ១៩៩១ និងឆ្នាំ១៩៩២ ។ក្នុងដំណើរទស្សនកិច្ចលើកនេះឯកឧត្តមឯកឧត្តមឃើញយ៉ាងច្បាស់អំពីស្ថានភាពលំបាករបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារមរតកនៃសង្រ្គាម ថែមទាំងរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ មូលហេតុនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលជប៉ុន សម្រេចចិត្តក្នុង ការប្រើប្រាស់ធនធានរបស់ខ្លួន រួមចំណែកដល់ការលប់បំបាត់គ្រាប់មីននៅ ទូទាំងពិភពលោក។

ឯកឧត្តម YAMAGUCHI Natsuo បានបន្តទៀត ប្រទេសជប៉ុន បានដាក់ចេញនូវ គោលការណ៍ចំនួនបី ក្នុងការរួមចំណែកដល់វិស័យសកម្មភាពមីន រួមមាន ៖ ទី១. ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម, ទី២. ការអប់រំផ្សព្វផ្សាយការយល់ ដឹងអំពីមីន និងទី៣. កិច្ចសង្រ្គោះជនរងគ្រោះ រួមទាំងការស្តារសម្បទាឡើងវិញ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម YAMAGUCHI Natsuo បានសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជា ។កម្ពុជាមានជំនាញគ្រប់គ្រាន់ក្នុងការងារបោសសម្អាតមីន និងចែករំលែក បទពិសោធន៍របស់ខ្លួនទៅកាន់ពិភពលោក ដែលកំពុងជួបហានិភ័យដោយសារមីន។ ឯកឧត្តមក៏បានស្នើឱ្យជប៉ុន-កម្ពុជា បន្តរួមគ្នាដោះស្រាយបញ្ហាមីននៅលើពិភពលោក៕  

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.