ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងទស្សនាឈ្វេងយល់ពីវឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ដែលជាជំនួយរបស់រដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់មកអង្គភាពស៊ីម៉ាក់ (CMAC) តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងខេត្តសៀមរាប កាលរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងថា កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់លើផ្នែកដោះមីន និងបោសសម្អាតគ្រាប់មីន ព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខណៈប្រទេសជាច្រើនលើពិភពលោកកំពុងជួបប្រទះលើបញ្ហាគ្រាន់មីននេះ។

ឯកឧត្តម បានបន្តថា កាលពីឆ្នាំ១៩៩១ ឯកឧត្តមបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកដំបូង និងនៅឆ្នាំ១៩៩២ ក៏បានមកកម្ពុជាម្តងទៀត ពេលនោះកម្ពុជានៅមិនទាន់បានបញ្ចប់សង្គ្រាមនៅឡើយ ហើយពេលនោះ ឯកឧត្តម បានមើលឃើញថា កម្ពុជាកំពុងជួបប្រទះបញ្ហាមួយដ៏ធំ នោះគឺបញ្ហាគ្រាប់មីន ព្រោះមានអ្នករងគ្រោះដោយសារវាមានជារៀងរាល់ថ្ងៃ។ ដែលបញ្ហានេះ បានធ្វើឱ្យឯកឧត្តមគិតថា តើគួរធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋកម្ពុជា បានរួចពីគ្រោះមួយនេះ?

ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ បន្តថា លុះដល់ទសវត្សឆ្នាំ២០០០ ឯកឧត្តម ទទួលបានឱកាសចូលរួមក្នុងការសិក្សាស្រាវជ្រាវ និងផលិតម៉ាស៊ីនបោសសម្អាតមីន និងត្រូវបានផ្តល់ជូនដល់អង្គភាពស៊ីម៉ាក់របស់កម្ពុជា ហើយអង្គភាពនេះបានធ្វើសកម្មភាពបានយ៉ាងល្អ នៅក្នុងកិច្ចការបោះសម្អាតមីននេះ។ ជាមួយគ្នានេះអង្គភាពស៊ីម៉ាក់ ក៏បានចែករំលែកនូវបទពិសោធន៍បោសសម្អាតមីនដល់បណ្តាប្រទេសមួយចំនួនដែលរងផលប៉ះពាល់ដោយសារគ្រាប់មីនការតាមការស្នើសុំពីសំណាក់ប្រទេសជប៉ុន ដូចជាប្រទេសកូឡុំប៊ី អ៊ឺរ៉ាក់ អង់ហ្គោឡា ឡាវ មីយ៉ាន់ម៉ា អ៊ុយក្រែន និងបណ្តាប្រទេសនៅតំបន់អាហ្រ្វិកមួយចំនួនទៀតជាដើម ដែលនេះជាការបោះជំហានដ៏ល្អរបស់កម្ពុជា លើវិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជា មានទឹកប្រាក់មានចំនួនប្រមាណជាង ២០០លានដុល្លាអាមេរិក ដោយផ្ដល់តាមរូបភាព៣សំខាន់គឺ ១) ការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាពCMAC ២) ការផ្ដល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាព CMAC និង៣) ការផ្ដល់ជាជំនួយសម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា ជំនួយរបស់ប្រទេសជប៉ុន ពិតជាបានជួយរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ដោយក្នុងនោះចំនួនជនរងគ្រោះដោយសារគ្រាប់មីនបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣។

ដោយឡែករយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ក៏មានអ្នករងគ្រោះដោយសារគ្រាប់មីនចំនួន៣២នាក់ដែរ។

ឯកឧត្តម លើកឡើងថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០០មក ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ បានខិតខំយ៉ាងខ្លាំងនៅក្នុងការជួយដល់វិស័យដោះមីននៅកម្ពុជា។ ដូច្នេះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺជាឱកាសមួយដើម្បីបន្តទំនាក់ទំនងឱ្យកាន់តែស្អិតរមួតបន្ថែមទៀត និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពទាំងបច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្តម បន្តថា ជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ នាឱកាសនេះ ក៏នឹងរួមចំណែកយ៉ាងមុតមាំចំពោះវិស័យសកម្មភាពមីនពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការបន្តរួមចំណែកផ្នែកហិរញ្ញវត្ថុ សម្ភារបច្ចេកទេសបោសម្អាតមីន និងបង្កលក្ខណៈឱ្យអង្គភាពស៊ីម៉ាក់អាចប្រយុទ្ធប្រឆាំងនឹងគ្រាប់មីនប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត៕

​ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.