រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន សម្រាប់ប្រារព្ធពិធីដាំបង្គោលផ្លាកសញ្ញា«មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣។ ការប្រសិទ្ធនាមជា “មហាវិថី ស៊ី ជីនពីងនេះ ត្រូវបានសម្តេចមហាធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងភាគីស្ថានទូតចិនប្រចាំនៅកម្ពុជាសម្ពោធជានិមិត្តរូបកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នៅវិមានសន្តិភាពរាជធានីភ្នំពេញ។

ឯកឧត្តម ផន រឹមអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះថា ការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា“មហាវិថី ស៊ី ជីនពីង” គឺមានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែប កម្ពុជា-ចិន។ ឯកឧត្តមបញ្ជាក់ថា មហាវិថី ស៊ី ជីនពីង មានតំណភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ប្រែក្លាយទៅជាតំបន់ក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឱ្យការដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រាប់វិទ្យុជាតិកម្ពុជាថា ការប្រសិទ្ធនាម កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” នេះ ជាសក្ខីភាពថ្មីមួយទៀត ជាអនុស្សាវរីយ៍ ជាប្រវត្តិសាស្រ្ត ដែលបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ ដោយមានប្រវត្តិជាយូអង្វែង។ ជាពិសេសនោះឯកឧត្តម ស៊ីជីនពីង ប្រធានាធិបតីចិន បានដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រកម្ពុជាក្នុងបុព្វហេតុសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជាដើម។ ឯកឧត្តមបញ្ជាក់ថា ការប្រសិទ្ធនាមនេះ ក៏បានបង្ហាញផងដែរនូវជំនឿជឿជាក់លើចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាង កម្ពុជា-ចិន ដែលជាមិត្តដែកថែប និងត្បូងពេជ្រ ហើយត្រូវបានចារឹកជាប់ក្នុងបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់ជំនាន់មិនអាចបំភ្លេចបាន។ « វាជាចំណែកមួយទៀតដែលបង្ហាញពីកម្ពុជាចិន មិត្តដែកថែប មិត្តត្បូងពេជ្រ ដែលត្រូវចារឹកទុកក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរយូរអង្វែងទៅទៀត។ »

គួររម្លឹកដែរថា៖ កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមជា “មហាវិថី ស៊ី ជីនពីង” គឺជាកំណាត់ផ្លូវមេ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ និងចំណុចបញ្ចប់នៅគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.