ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុញ្ញាតឱ្យលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (United Nation Resident Coordinator) ចូលជួបពិភាក្សាការងារ នាទីស្តីការក្រសួង

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុញ្ញាតឱ្យលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (United Nation Resident Coordinator) អមដោយលោកស្រី Alissar Chaker ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារស្តីពីការរៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោយពីទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចសន្ទនាប្រចាំឆ្នាំ២០២៤ រវាងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងក្រុមការងារអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។

កិច្ចពិភាក្សាការងារនារសៀលនេះ សមភាគីទាំងពីរបានផ្តោតសំខាន់លើ ការងារជាអាទិភាពដែលត្រូវអនុវត្តបន្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទទួលបានការកាលានុវត្តភាពពេញលេញក្នុងការចាកចេញដោយរលូនពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តួចតួចរបស់កម្ពុជានៅឆ្នាំ២០២៩ខាងមុខ ដោយអង្គការសហប្រជាជាតិប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រដល់ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រអន្តរកាលដោយរលូន ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយនឹងគាំទ្រការពន្លឿនការអភិវឌ្ឍមនុស្ស, ការកែលម្អកំណើនឡើងវិញ, ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការបង្កើតការវិនិយោគលើភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង, និងការពន្លឿនការផ្លាស់ប្តូរពីការផ្តល់ជំនួយទៅជាការកៀងគរហិរញ្ញប្បទានអភិវឌ្ឍន៍ជាដើម ជាពិសេសក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) និងចក្ខុវិស័យឆ្នាំ២០២៥០ របស់កម្ពុជា ជាប្រទេសអភិវឌ្ឈន៍។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.