នៅទីបំផុតក្រុមជម្រើសជាតិអេស្ប៉ាញ បានទទួលជ័យជម្នះលើក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ២ទល់១ នៅចុងម៉ោងនានាទីទី៨៦ នៅក្នុងវគ្គផ្ដាច់ ព្រ័ត្រក្នុងព្រឹត្តិការណ៍ EURO 2024នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។ជ័យជម្នះរបស់អេស៉្បាញលើអង់គ្លេសនេះគឺដោយសារគ្រាប់បាល់ទី១ នៅនាទី៤៧ ទាត់ចូលដោយកីឡាករ Nico Williams ពាក់អាវលេខ៧ ខណ:២នាទីក្រោយ បើកឆាកលើកដំបូងទៅវគ្គទី២។ បន្ទាប់មក អង់គ្លេសតាមយកស្មើវិញនៅនាទី៧៣ ដោយកីឡាករCole Palmerពាក់អាវលេខ២៤។ ការប្រកួតមានសភាពស្វិតស្វាញបានបន្តរហូតដល់នាទី៨៦នៃចុងប្រកួតទើបអេស្ប៉ាញមានឱកាស រកគ្រាប់បាល់ទី២ ដោយកីឡាករ Mikel Oyarzabal ពាក់អាវលេខ២១ដោយលទ្ធផលឈ្នះ២ទល់១ ទៅលើក្រុមជម្រើសជាតិអង់គ្លេសដោយទទួលបានសម្រែកសាទរយ៉ាងខ្លាំងកងរំពង។ ក្រោយចប់ព្រឹត្តិការណ៍យូរ៉ូ ក្រុមអេស្ប៉ាញដែលមានរហស្សនាមថា គោជល់ក្រហមបានបំបែកកំណត់ត្រាជាម្ចាស់ជើងឯក Euro ឆ្នាំនេះ គឺឈ្នះមិនដែលចាញ់ ឬស្មើដោយប្រកួត ៧ ដង ឈ្នះ ៧ប្រកួត ដោយវគ្គសន្សំពិន្ទុក្នុងពូល ឈ្នះ ក្រូអាត ៣-០, ឈ្នះ អ៉ីតាលី ១-០, ឈ្នះ អាល់ប៉ានី ១-០។ វគ្គ១៦ក្រុមចុងក្រោយ អេស្ប៉ាញ ឈ្នះ ហ្សក់ហ្ស៊ី ៤-១, វគ្គ៨ក្រុមចុងក្រោយ ឈ្នះ អាល្លឺម៉ង់ ២-១, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះ បារាំង ២-១ និងវគ្គផ្តាច់ព្រ័ត្រ ឈ្នះ អង់គ្លេស ២-១។ សូមបញ្ជាក់ដែរក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះក្នុងព្រឹត្តិការណ៍យូរ៉ូនេះ ទទួលបានពានមួយ រួមជាមួយទឹកប្រាក់សរុបប្រមាណជា២៨,២៥លានអឺរ៉ូ ។ គួរម្លឹកថា គិតរហូតដល់ពេលនេះ អេស្ប៉ាញ បានក្លាយជាក្រុមបាល់ទាត់នៅអឺរ៉ុបតែមួយគត់បានឈ្នះជើងឯកព្រឹត្តិការណ៍បាល់ទាត់យូរ៉ូ ដែលរៀបចំក្នុងរយះពេល ៤ឆ្នាំម្ដង ច្រើនជាងគេគឺបានពានចំនួន៤ដង ក្នុងនោះឈ្នះនៅឆ្នាំ១៩៦៤ ឆ្នាំ២០០៨ ឆ្នាំ២០១២ និងថ្មីបំផុតឆ្នាំ២០២៤នេះខណៈ អាល្លឺម៉ង់ មានប្រវត្ថិធ្លាប់ឈ្នះ៣ដង អ៊ីតាលី ធ្លាប់ឈ្នះ២ដង បារាំង២ដង រុស្ស៊ី១ដង ឆេក១ដង ព័រទុយហ្គាល់១ដង ស្កូវ៉ាគី១ដង ហូឡង់១ដង ដាណឺម៉ាក១ដង និងក្រិក១ដង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.