ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញសំណេះសំណាលនិងចែកជូនគ្រឿងឧបភោគបរិភោគដល់ប្រជាជនចំនួន៧០គ្រួសារ រស់ក្នុងនៅឃុំចំនួន៣ រួមមានឃុំត្រពាំព្រីង ឃុំគោកស្រុក ឃុំចុងជាច នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រាព្ធធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាបង្ហើរខ្លែង ឃុំត្រពាំងព្រីងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទកម្ពុជា ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាព របស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះយើងរស់នៅក្រោមម្លប់សន្តិភាព នៃការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគិត្តិបណ្ឌិតរបស់ រាជរដ្ឋាភិបាលអាណិត្តទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបានបន្តដឹកនាំដោយរាជរដ្ឋាភិបានអាណិត្តទី៧ ក្រោមការដឹកនាំ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសឈរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង បន្តទៅសម្រេចបានជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ស្របទៅនិងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ៥ ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ជាតិឲ្យទទួលបានភាពជោគជ័យប្រកបដោយចីរភាព។

តាមរយៈនេះ ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឆ្នើមនៃកម្ពុជា បានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០ គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ ឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលនឹងប្រាព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

ជាមោទនភាពនេះ ឯកឧត្ត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានចេញនូវសេចក្តីណែនាំឲ្យបណ្តាវត្តអារាមវិហារសាសនាផ្សេង ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ឲ្យបានព្រមៗគ្នាទូទាំងប្រទេស។

ជាមួយគ្នានេះដែរឯកឧត្តមចាយ បូរិន ក៏បានរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កបង្កើតផល នារដូវវស្សានេះដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ថែទាំសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ រួមគ្នាគោរពច្បាប់ចរាចរណ៍និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន រក្សាសុវត្តិភាព ភូមិ ឃុំ អភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើន ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.