ឯកឧត្តម ឃឺម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី ១២ខែកក្កដានេះ ថាការកែច្នៃភោគផលកសិកម្មមុនធ្វើការនាំចេញ បានធ្វើអោយកសិករទទួលបានតម្លៃកើនឡើងទ្វេរដង។

ឯកឧត្តមបានបញ្ជាក់ថាក្រសួងកសិកម្ម បានគិតគូរអំពីវិធីដែលអាចអោយកសិករទទួលបានចំណូលកើនជាងមុនដោយបានយកចិត្តទុកដាក់និងផ្តោតសំខាន់លើគោលដៅចំនួនពីរគឺ ទី១.ផ្តោតលើការកែច្នៃមុនធ្វើការនាំចេញ ដើម្បីឳ្យតម្លៃនៃការនាំចេញអាចកើនឡើងគុណជា ២ឬ៣ដងនិង ទី២.ផ្តោតលើការពង្រីកទីផ្សារថ្មីបន្ថែម ដោយក្នុងនោះកំពុងជ្រើសរើសកសិផលដែលមានចរិតយុទ្ធសាស្រ្ត,មានការប្រកួតប្រជែងខ្ពស់ ។ឧទាហរណ៍ដូចជា កែច្នៃអង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី ដែលទីផ្សារក្រៅប្រទេសទទួលស្គាល់ស្រាប់ ។

គោលដៅថ្មីរបស់ក្រសួងកសិកម្មនេះ បានធ្វើឡើងខណៈកំណើននៃការនាំចេញកសិផលខ្មែរទៅទីផ្សារអន្តរជាតិឡើងខ្ពស់មិនធ្លាប់មានក្នុងអំឡុងពេល៥ឆ្នាំកន្លងមក។

យោងតាមរបាយការណ៍ក្រសួងកសិកម្មបានអោយដឹងថា គិតត្រឹមឆមាសទីមួយនៃឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទិសដៅ៨០ប្រទេសមានការកើនឡើងជាង៥៧% បើធៀបទៅរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។

ការនាំចេញកសិផលក្នុងឆមាសទី១នេះមានចំនួន ជាង ៦,១៣៥ពាន់តោន ដែលមានទឹកប្រាក់ចំនួនជាង២,៨៥៨លានដុល្លាអាមេរិក ។ក្នុងនោះកសិផល អង្ករចំនួន៣៣៨,៦៥៤តោន និងស្រូវចំនួន ជិត១,៩២៩ពាន់តោនទៅកាន់ទិសដៅ ៨០ប្រទេស ពោលកើនឡើងចំនួន ៥៧.២៨% ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.