ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការប្រារព្ធពិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថានក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរៀបចំឡើងក្នុងគោលបំណង​ បណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើរុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និងការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព បើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤» ដែលគ្រោងរៀបចំ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ និងការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រួមជាមួយដៃគូពាក់ព័ន្ធ អង្គការ សមាគម ផ្នែកឯកជន សិស្ស និងនិស្សិត រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.