លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យ ក្រុមការងារក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលដល់ក្រុមហ៊ុនធុរកិច្ច ម្ចាស់អាជីវកម្ម សហគ្រាស និងគ្រប់តួអង្គពាក់ព័ន្ធ អំពីច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងនីតិវិធី បែបបទ ព័ត៌មាន និងឯកសារគាំទ្រចាំបាច់នានា សម្រាប់ការចុះបញ្ជី ពាណិជ្ជកម្ម ដើម្បីពង្រឹងសមត្ថភាពអ្នកតំណាងស្របច្បាប់ សំដៅធានាបាននូវអនុលោមភាពឯកសារការចុះបញ្ជីពាណិជ្ជកម្ម និងការចុះបញ្ជីពន្ធដារ ក៏ដូចជាការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពីក្រសួងស្ថាប័នផ្សេងទៀត។

នៅក្នុងសិក្ខាសាលាស្ដីពី “អនុលោមភាពឯកសារចុះបញ្ជីពន្ធដារ” ជូនអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម នារសៀលថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទពង្រឹងបន្ថែមទៀតនូវការងារគ្រប់គ្រង និងវាយតម្លៃ អ្នកតំណាងស្របច្បាប់ឱ្យបានម៉ឹងម៉ាត់ជាទីបំផុត ជាពិសេស ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ បណ័្ណសម្គាល់ និងព័ត៌មានការងាររបស់អ្នកតំណាងស្របច្បាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាស ដែលខ្លួនជាអ្នកតំណាង ឱ្យបានទៀងទាត់ ចៀសវាងការក្លែងបន្លំ និងភាពមិនប្រក្រតី លើការអនុវត្តការងារចុះបញ្ជី។

ជាមួយគ្នានោះ អ្នកតំណាងស្របច្បាប់ របស់ម្ចាស់សហគ្រាស-ក្រុមហ៊ុន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវព័ត៌មាននិងឯកសារដែលបានប្រកាស។ ក្នុងករណីរកឃើញថា ព័ត៌មាន ឬឯកសារដែលបានផ្តល់ព័ត៌មានការក្លែងបន្លំ ឬមិនពិត ឬបង្កកឯកសារ មិនផ្តល់ជូនសហគ្រាស-ក្រុមហ៊ុន ដែលបានប្រគល់សិទ្ធិ ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួកខ្លួន អ្នកតំណាងស្របច្បាប់នោះនឹងត្រូវបានដកហូតសិទ្ធិជាអ្នកតំណាងស្របច្បាប់ និងទទួលទោសប្បញ្ញតិ្ត ដូចមានចែងក្នុងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់និងបទប្បញ្ញត្តិជាធរមាន ដទៃទៀត។

ដើម្បីចូលរួមជួយបញ្ចៀសនូវភាពមិនប្រក្រតី ឬការមិនមានអនុលោមភាព អ្នកតំណាងស្របច្បាប់ លោកជំទាវ រដ្ឋមន្ត្រី បានលើកឡើងថា គួរគប្បីពិនិត្យលទ្ធភាពបញ្ជាក់ជាមួយបុគ្គលស្នើសុំអំពីកាតព្វកិច្ចរបស់បុគ្គលស្នើសុំនោះ ក្នុងការធានាអះអាង តាមទម្រង់អេទ្បិចត្រូនិក ថាព័ត៌មានស្នើសុំចុះបញ្ជី អាជីវកម្ម និងឯកសារភ្ជាប់ដែលខ្លួនបានបំពេញនិងបញ្ចូលក្នុងគេហទំព័រចុះបញ្ជី ពិតជាព័ត៌មាននិងឯកសារត្រឹមត្រូវនិងមិនក្លែងបន្លំ ខណៈដែរអ្នកតំណាងចុះបញ្ជី ត្រូវគោរពក្រមសីលធម៌វិជ្ជាជីៈរបស់ខ្លួនឱ្យមានភាពសុចរិត និងភាពស្មោះត្រង់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.