លោកជំទាវ ខាមីខាវ៉ា យ៉ូកុ(KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ពីការបន្តរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានបន្ថែមថារដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្ដាញ អគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។

ការគូសបញ្ជាក់របស់លោកជំទាវបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាស ដែលលោកជំទាវអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមបណ្តាញអ៊ិនធើណិតក្រសួងព័ត៌មាន ទទួលបាននាថ្ងៃទី៧ ខែកក្កដានេះ បានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី (១) ការផ្តល់ហិរញ្ញប្បទាន ឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២) ការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក)សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាល និង ប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជា និង បានផ្តល់ជំនួយជាច្រើនសម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

ភាគីកម្ពុជា ក៏បានបានថ្លែងអំណរគុណមិត្តជប៉ុន ដែលបានរៀបចំអភិក្រមថ្មី (New Cooperation Approach) សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលផ្ដោតលើវិស័យសំខាន់ៗចំនួន៣ដូចខាងក្រោម៖

ទី១. ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមរួមមាន ទឹកស្អាត ប្រព័ន្ធចម្លោះទឹកកខ្វក់ ឌីជីថល និងសន្តិសុខសាយប័រ ដោយក្នុងនោះ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយលើ ផ្នែកទឹកស្អាតនៅទីក្រុងភ្នំពេញ ព្រមទាំងពង្រីកបន្តទៅតាមបណ្តាខេត្ត។ ជប៉ុនក៏នឹងបន្តជួយលើ ការរៀបចំប្រព័ន្ធចម្រៀទឹកកខ្វក់នៅទីក្រុងភ្នំពេញផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានគូស បញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលជាអាទិភាពមួយនៃយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទី២. ការតភ្ជាប់សមុទ្រ ដែលផ្តោតសំខាន់លើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយក្នុងនោះ ភាគីជប៉ុននឹងបន្តជួយអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជា កំពង់ផែស្នូល និងមជ្ឈមណ្ឌលឡូជីស្ទិកក្នុងតំបន់។

និងទី៣. វិស័យដោះមីន ដែលក្នុងនោះភាគីជប៉ុន និងកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការលើ វិស័យនេះ ដើម្បីបម្រើដល់បុព្វហេតុមនុស្សធម៌ និងសន្តិភាពក្នុងតំបន់ និងពិភពលោក៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.