អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានព្រមានថា រដ្ឋ Rakhine របស់សហភាពមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងស្ថានភាពដ៏គួរឱ្យភ័យខ្លាចនឹងការឆ្ពោះទៅរក “អំពើហិង្សាប្រល័យពូជសាសន៍” កាលពី ៨ឆ្នាំមុន ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ដោយថ្លែងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN លោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍ នៅមីយ៉ាន់ម៉ា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ថ្មីៗ នៅក្នុងតំបន់ភាគខាងលិច។ លោកបានបន្ថែមថា “ស្ថានភាពនៅក្នុងរដ្ឋ Rakhine នោះ គឺគួរឱ្យភ័យខ្លាចខ្លាំងណាស់ សម្រាប់ប្រជាជនរ៉ូហ៊ីងយ៉ា ដែលត្រូវបានជិះជាន់ រើសអើង កេងប្រវ័ញ្ច និងជាប់ខ្លួននៅក្នុងចំណោមភាគី ដែលមានសង្រ្គាមនឹងគ្នា ស្ថានការណ៍នោះបានឆ្លុះបញ្ចាំងពីការឈានទៅរកអំពើហិង្សាប្រល័យពូជសាសន៍ដូចនៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧”។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានធ្វើឱ្យរដ្ឋ Rakhine មិនមានភាពស្ងប់សុខនោះឡើយ ចាប់តាំងពីកងទ័ព Arakan (AA) បានវាយប្រហារកងកម្លាំងសន្តិសុខ ក្នុងខែវិច្ឆិកា ដោយយុទ្ធជនរបស់ AA បានដណ្តើមយកទឹកដីជាច្រើនកន្លែង និងបានដាក់សម្ពាធទៅលើរបបយោធា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.