ប្រទេសឥណ្ឌូណេស៊ីបានបើកដំណើរការរោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) ដំបូងរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ដែលជារោងចក្រដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

រោងចក្រនេះមានទីតាំងនៅទីក្រុងការ៉ាវ៉ាង នៃកោះជ្វាខាងលិច ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT HLI Green Power ដែលជាការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្មអាគុយរបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution (LGES) របស់កូរ៉េខាងត្បូង។

ជាមួយនឹងការវិនិយោគចំនួន ១ប៊ីលានដុល្លារអាម៉េរិក រោងចក្រនេះអាចផលិតបន្ទះអាគុយរហូតដល់ ១០ជីហ្កាវ៉ាត់ម៉ោង (GWh) ជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់រថយន្តអគ្គីសនីចំនួន ១៥០.០០០គ្រឿង។

ក្រុមហ៊ុន PT HLI Green Power ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ចំនួន ២ប៊ីលានដុល្លារអាម៉េរិកដើម្បីបង្កើនសមត្ថភាពរបស់រោងចក្រនេះឱ្យផលិតបានដល់ ២០ជីហ្កាវ៉ាត់ម៉ោង។

រោងចក្រនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងថាមពលអាគុយរថយន្ត EV ដែលមានតម្លៃ ៩,៨ប៊ីលានដុល្លារអាម៉េរិក ដែលត្រូវបានចុះហត្ថលេខារវាងឥណ្ឌូណេស៊ី និងក្រុមហ៊ុន LG កាលពីក្នុងឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីសម្ពោធនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានសង្កត់ធ្ងន់ថា ការបើករោងចក្រនេះ គឺជាជំពូកថ្មីមួយដែលបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការក្លាយជាដៃគូសកលលោកនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្ត EV ។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសម្រាប់កិច្ចការសមុទ្រ និងការវិនិយោគ លោក លូហ៊ុត ប៊ីនសារ ប៉ាន់ចៃតាន់ (Luhut Binsar Pandjaitan) បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការក្លាយជាតួអង្គសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្ត EV សកលលោក។

ប្រទេសឥណ្ឌូណេស៊ីមានទុនបម្រុងរ៉ែនីកែលដ៏ធំបំផុតរបស់ពិភពលោក និងទុនបម្រុងរ៉ែដែក ទង់ដែង និងបាស៊ីត ដែលជាសមាសធាតុសំខាន់នៃអាគុយរថយន្ត EV៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.