នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុញ្ញាតជូន លោក Chris G. Parkhurst ផលិតករភាពយន្តឯកសាររឿង Elvis of Cambodia: កេរតំណែលរបស់លោក ស៊ិន ស៊ីសាមុត ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការចាក់បញ្ចាំងភាពយន្តឯកសាររឿង Elvis of Cambodia: The Legacy of Sinn Sisamuth នៅក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក នៅសាលសន្និសីទចតុម្មុខ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ។ ជាមួយនេះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានវាយតម្លៃខ្ពស់ចំពោះស្នាដៃភាពយន្តឯកសារនេះ ដែលបានរំលឹកពីប្រវត្តិ ស្នាដៃ ទេពកោសល្យដ៏អស្ចារ្យរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ព្រមទាំងក្រុមគ្រួសាររបស់លោក ដើម្បីជាការចងចាំសម្រាប់អ្នកជំនាន់ក្រោយ។

លោក Chris G. Parkhurst បានសម្តែងនូវការអរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលគាំទ្រចំពោះការផលិតការភាពយន្តនេះកន្លងមក ហើយបានស្នើសុំការអនុញ្ញាតដើម្បីបន្តធ្វើការផ្សព្វផ្សាយភាពយន្តនេះនៅទូទាំងប្រទេសកម្ពុជា ពិសេសនៅតាមទីជនបទ ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចទស្សនាស្វែងយល់បន្ថែមពីប្រវត្តិ រឿងរ៉ាវ របស់លោក ស៊ិន ស៊ីសាមុត ផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.