លោក Koen Everaert អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុបជឿជាក់ថា ការអប់រំសម្រាប់ទាំងអស់គ្នា គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាអាចឈានទៅសម្រេចបានសក្តានុពលរបស់ខ្លួន និងមានសារៈសំខាន់ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងបង្កើតនូវការងារធ្វើនៅក្នុងប្រទេសផងដែរ ហើយថាការអប់រំប្រកបដោយបរិយាបន្នសម្រាប់មនុស្សមានពិការភាពបានផ្តល់នូវឱកាសស្មើភាពគ្នា និងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមចំណែករបស់ពួកគេទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។

លោក Koen Everaert លើកឡើងបែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្នឆ្នាំ ២០២៤-២០២៨ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ យូនីសេហ្វប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ចំណែកនាយកប្រចាំប្រទេសកម្ពុជានៃអង្គការយូនីសេហ្វ លោកបណ្ឌិត វីល ផាកស៍ បានលើកឡើងថា កុមារមានពិការភាពបានជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងការទទួលបានការអប់រំ សេវាថែទាំសុខភាព និងការចូលរួមពេញលេញក្នុងសង្គម។ ជារឿយៗ ពួកគេត្រូវគេមាក់ងាយ និងរើសអើង និងគ្មានលទ្ធភាពចូលរួមក្នុងកម្មវិធីអប់រំបរិយាបន្នឡើយ ខណៈដែលប្រព័ន្ធអប់រំជាតិសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នោះ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា យើងចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់ឧបសគ្គនានាដូចជា ការបណ្ដុះបណ្ដាលគ្រូ និងការផ្ដល់ធនធានជាសារវន្តសំដៅធានាឱ្យកុមារគ្រប់រូបអាចអភិវឌ្ឍបាន ហើយថាប្រសិនបើអនុវត្តបានភ្លាមៗ ផែនការថ្មីនេះ នឹងបង្កើនលទ្ធភាពរបស់កុមារមានពិការភាព ក្នុងការទទួលបានការអប់រំដែលមានគុណភាពខ្ពស់គួរឱ្យកត់សម្គាល់ជាមិនខាន។

លោកបណ្ឌិត វីល ផាកស៍ បានបន្ថែមថា យូនីសេហ្វ និងដៃគូអភិវឌ្ឍន៍ បាន និងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមនេះ ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៤ ដែលមានគោលបំណងធានាឱ្យមានការផ្តល់ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ២០០០ តរៀងមក ក្រសួងអប់រំ យុវជន និង កីឡា ជាមួយអង្គការដៃគូ បានផ្តោតការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្រដល់ការអប់រំប្រកបដោយបរិយាបន្ន ដែលនៅពេលនោះបានរៀបចំជាគោលនយោបាយស្តីពីការអប់រំកុមារពិការ ឆ្នាំ២០០៨ និងផែនការមេស្តីពីការអប់រំកុមារពិការ ២០០៩-២០១១ និងក្រោយមកទៀតក្រសួងបានពង្រីក ទស្សនាទាន និងវិសាលភាពទៅជាការអប់រំបរិយាបន្ន ដោយបានរៀបចំជាគោលនយោបាយស្ដីពីការអប់រំបរិយាបន្នឆ្នាំ២០១៨ ផែនការសកម្មភាពស្ដីពីការអប់រំបរិយាបន្នឆ្នាំ ២០១៩-២០២៣ ព្រមទាំងឯកសារជំនួយផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.