ទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌូនេស៊ីជាង ៤០ ភាគរយរួមទាំងក្រសួងដែលទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ បានរងផលប៉ះពាល់ដោយការវាយប្រហារតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។

ការវាយប្រហារនេះត្រូវបានគេជឿថា ជាការវាយប្រហារដោយកម្មវិធី ransomware និងបានបង្កឱ្យមានការរំខានដល់សេវាសាធារណៈសំខាន់ៗ រួមទាំងសេវាកម្មអន្តោប្រវេសន៍ និងប្រតិបត្តិការនៅអាកាសយានដ្ឋានធំៗ។ ក្រុម Hacker បានទាមទារប្រាក់ចំនួន ៨ លានដុល្លារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបដិសេធមិនបង់ប្រាក់លោះនោះទេ ហើយកំពុងខិតខំស្ដារទិន្នន័យឡើងវិញដោយខ្លួនឯង និងសហការជាមួយអ្នកជំនាញក្នុង និងក្រៅប្រទេស។ មកទល់ពេលនេះ ទិន្នន័យនៅទីភ្នាក់ងារមួយចំនួនត្រូវបានស្ដារឡើងវិញហើយ ហើយរដ្ឋាភិបាលបានប្តេជ្ញាថា នឹងស្ដារទិន្នន័យនៅសល់ឡើងវិញក្នុងពេលឆាប់ៗ។

ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការស្ដារសេវាកម្ម និងទិន្នន័យឡើងវិញក៏ដោយ ក៏ការវាយប្រហារនេះបានបង្ហាញពីភាពងាយរងគ្រោះនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ឥណ្ឌូនេស៊ី និងបានបង្កើនការព្រួយបារម្ភអំពីសន្តិសុខតាមអ៊ីនធឺណិត។ ការវាយប្រហារនេះក៏បានបង្ហាញ ពីតម្រូវការក្នុងការពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងការការពារទិន្នន័យសំខាន់ៗរបស់រដ្ឋាភិបាល និងប្រជាជនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.