ប្រទេសជាសមាជិកទាំង៣២ នៃអង្គការ NATO បានសម្រេចជាឯកច្ឆន្ទដោយតែងតាំងលោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់ដែលត្រូវចូលនិវត្តន៍ឱ្យធ្វើជាអគ្គលេខាធិការថ្មីរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ NATO បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ដែលជាស្ថាប័នសម្រេចចិត្តចម្បងរបស់អង្គការ NATO បានសម្រេចចិត្តតែងតាំង លោក Mark Rutte ជាអគ្គលេខាធិការបន្ទាប់ របស់សម្ព័ន្ធយោធាមួយនេះពោលគឺបន្តពីលោក Jens Stoltenberg ដែលជាប្រមុខ NATO បច្ចុប្បន្ន។ បើតាមសេចក្តីថ្លែងការណ៍ដដែល លោក Rutte នឹងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១ ខែតុលា ខាងមុខនេះ។ លោក Rutte ត្រូវគេរំពឹងទុករួចមុនទៅហើយថា នឹងក្លាយជាប្រមុខ NATO ថ្មី បន្ទាប់ពីគូប្រជែងតែម្នាក់គត់របស់លោក សម្រាប់តួនាទីនេះ គឺប្រធានាធិបតីរូម៉ានី លោក Klaus Iohannis បានប្រកាសដកខ្លួនកាលពីសប្តាហ៍មុន។

ក្រោយប្រកាសអំពីចំណាប់អារម្មណ៍ក្នុងតំណែងជាអគ្គលេខាធិការ NATO កាលពីឆ្នាំមុន លោក Rutte ទទួលបានការគាំទ្រភ្លាមៗពីសំណាក់សមាជិកសំខាន់ៗ គឺរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម ដោយពីដំបូងឡើយសមាជិកដទៃទៀត ជាពិសេសក្រុមប្រទេសអឺរ៉ុបខាងកើត ហាក់មានភាពស្ទាក់ស្ទើរក្រោមហេតុផលថា មុខតំណែងនេះគួរបានទៅបុគ្គលដែលមកពីតំបន់របស់ពួកគេម្តង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.