ឯកឧត្តមកៅ គឹមហួន អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានស្នើវិធានការដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីបង្កើតផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសសមាជិកប្លុក និងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។

នៅក្នុងសុន្ទរកថាសំខាន់របស់លោកនៅក្នុងវេទិកាទំនាក់ទំនងអនាគតអាស៊ាន-ចិន ដែលរៀបចំឡើងនាពេលថ្មីៗនេះនៅលេខាធិការដ្ឋានអាស៊ានក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដោយនិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងអាស៊ាន-ចិន។

ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយនិងធ្វើឲ្យប្រសើរឡើងនូវភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញការធ្វើឌីជីថល ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ។ ឯកឧត្តមបានមានប្រសាសន៍ថា វាចាំបាច់សម្រាប់អាស៊ាន និងចិនក្នុងការពង្រឹងការតភ្ជាប់ព្រោះវាជាកម្លាំងចលករដ៏សំខាន់នៃសមាហរណកម្ម និងការអភិវឌ្ឍន៍ក្នុងតំបន់។ ឯកឧត្តមបានស្នើថា អាស៊ាន និងចិនគួរតែធ្វើការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការអប់រំ និងទេសចរណ៍ក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកដោយកសាងទំនុកចិត្ត និងពង្រឹងមិត្តភាពជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.