នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក អានដ្រេច ឌូដា (Andrzej Duda) នៅទីក្រុងប៉េកាំង ដោយបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសចិន ដើម្បីបង្កើនយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាមួយប្រទេស ប៉ូឡូញ។

លោក លី បាននិយាយថា ចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងប៉ូឡូញក្នុងឆ្នាំ២០១៦ មក ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗសម្រេចបាននូវការអភិវឌ្ឍដ៏រីកចម្រើន ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។

លោក លី បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសប៉ូឡូញ ដើម្បីអនុវត្តន៍តាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងការជឿទុកចិត្តគ្នាផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លានៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី។

លោក លី បាននិយាយថា ប្រទេសចិនស្វាគមន៍ផលិតផលប៉ូឡូញដែលមានគុណភាពកាន់តែច្រើនបានចូលទៅក្នុងទីផ្សារប្រទេសចិន ហើយលោកសង្ឃឹមថា ប្រទេសប៉ូឡូញនឹងផ្តល់នូវបរិយាកាសធុរកិច្ចដោយយុត្តិធម៌ តម្លាភាព និងគ្មានការរើសអើងសម្រាប់សហគ្រាសចិនលោកបានបន្ថែមថា ភាគីទាំងពីរគួរតែពង្រឹងការផ្លាស់ប្តូរប្រជាជន និងកិច្ចសហប្រតិបត្តិការលើយុវជន និងការអប់រំ ហើយបន្តបង្កើនការយល់ដឹង និងមិត្តភាពទៅវិញទៅមក។

លោក ឌូដា បាននិយាយថា ប្រទេសប៉ូឡូញយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសចិន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងគាំទ្រដល់ការអភិវឌ្ឍរួមគ្នានៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ លោកបានបន្ថែមថា ប្រទេសប៉ូឡូញមានឆន្ទៈក្នុងការផ្តល់នូវបរិយាកាសធុរកិច្ចស្មើភាព និងមិនរើសអើងសម្រាប់សហគ្រាសចិន ហើយធ្វើការជាមួយប្រទេសចិនដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មីមួយ។

លោកបាននិយាយថា ប្រទេសប៉ូឡូញគាំទ្រការអភិវឌ្ឍទំនាក់ទំនងសហភាពអឺរ៉ុប-ចិន ហើយមានឆន្ទៈក្នុងការដើរតួនាទីជាវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប-ចិន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.