ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានឡើងជិះនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ មុនពេលធ្វើសមយុទ្ធរួមគ្នារវាងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ក្នុងគោលបំណងពង្រឹងការឆ្លើយតបរបស់ពួកគេប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។

លោក យូន បានទៅទស្សនានាវាយូអេសអេស ថេអូដ័រ រូសេវេល (USS Theodore Roosevelt) (CVN-71) ដែលបានចតនៅកំពង់ផែកងទ័ពជើងទឹកក្នុងទីក្រុងប៊ូសាន ភាគអាគ្នេយ៍។ នាវាផ្ទុកយន្តហោះនេះគ្រោងនឹងចូលរួមនៅក្នុងសមយុទ្ធកងទ័ពជើងទឹកត្រីភាគីដែលត្រូវបានគេហៅថា ហ្វ្រីដុម អេហ្គ (Freedom Edge) ដែលជាសមយុទ្ធត្រីភាគីជាលើកដំបូងដែលចាប់ផ្តើមនៅថ្ងៃពុធនេះ។

លោក យូន បាននិយាយថា ដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះនេះ គឺជាផ្នែកមួយនៃវិធានការ «ការរារាំងបន្ថែម» ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីខែមេសាឆ្នាំមុន។

ដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញការគំរាមកំហែងដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង បន្ទាប់ពីខ្លួនបានចុះហត្ថលេខាលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសរុស្ស៊ី ដែលរួមមានការសន្យាសម្រាប់ប្រទេសទាំងពីរក្នុងការផ្តល់ជំនួយគ្នាទៅវិញទៅមកប្រសិនបើមានការវាយប្រហារ។

នេះជាលើកទី៣ហើយ ដែលប្រធានាធិបតីកូរ៉េខាងត្បូងកាន់អំណាចបានឡើងលើនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក ដោយតាមពីក្រោយអតីតប្រធានាធិបតី លោក ផាក ជុងហេ (Park Chung-hee) ក្នុងឆ្នាំ១៩៧៤ និងប្រធានាធិបតី លោក គីម យ៉ុងសាម (Kim Young-sam) ក្នុងឆ្នាំ ១៩៩៤៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.