ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាបានលើកឡើងនូវសមិទ្ធផលលេចធ្លោនៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសគម្រោងវិនិយោគជាច្រើននៅក្នុងប្រទេសកម្ពុជា តាម​រយៈការលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាង​បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាមបែបនេះ ក្នុងឱកាសអញ្ជើញផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងអបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី ៥៧ ឆ្នាំ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង បានថ្លែងថា ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន ដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗ ក្នុងវិស័យផ្សេងៗ ដែលប្រទេសទាំងពីរតែងតែឱ្យតម្លៃ និងលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រ​តិបត្តិ​ការជាប្រពៃណី រវាង​បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។ ជំនួប និងការផ្លាស់ប្តូរយោបល់រវាង​ថ្នាក់ដឹកនាំជាន់ ខ្ពស់ នៃប្រទេសទាំងពីរតែងតែ​ប្រព្រឹត្តឡើង​ជាញឹកញាប់ ហើយតាមរយៈនេះ ប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើន សម្រាប់កំណត់ទិសដៅឱ្យទំនាក់ទំនងទូទៅនៃប្រទេសទាំងពីរ។

ឯកឧត្ដមបានបញ្ជាក់ថា ភាគីទាំងពីរក៏បានបញ្ជាក់ថានឹងគោរព និងអនុវត្តន៍យ៉ាងពេញលេញរាល់កិច្ចព្រមព្រៀង កតិកាសញ្ញាដែលបាន​ចុះ ហត្ថលេខារួចហើយ ប្តេជ្ញាកសាងទំនាក់ទំនងតាម​ពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិ​ការគ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែង” ថែរក្សាចំណងសាមគ្គីភាព មិត្តភាពរវាង វៀតណាម-កម្ពុជា ឱ្យគង់វង្សជារៀងរហូត។​ ជាមួយគ្នានេះ នៅឆ្នាំ២០២០ និង២០២១ ទោះបីជាក្នុងបរិបទនៃការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ ភាគីទាំងពីរត្រូវ​ខិតខំ​ប្រឹងប្រែងដោយរៀងៗខ្លួនក្នុងការឆ្លើយតប ទប់ស្កាត់ការឆ្លងរាលដាលក៏ដោយ ក៏ប៉ុន្តែ ថ្នា្នក់​ដឹកនាំ​ជាន់ខ្ពស់​នៃបក្ស​ទាំងពីរ ប្រទេសទាំងពីរ ក្រសួងស្ថាប័ន ផ្នែកមូលដ្ឋាន និងអង្គការ​មហាជន​នៅ​តែ​ពិភាក្សាគ្នា​តាមទូរស័ព្ទ​ដើម្បីសួរសុខទុក្ខ ​ចែក​រំលែក​ការ​លំបាក​ទៅ​វិញ​ទៅ​មក យកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកទាំង​ខាងសម្ភារនិងស្មារតី ក៏ដូចជាវ៉ាក់សាំងការពារជំងឺសម្រាប់​ប្រយុទ្ធប្រឆាំងនឹង​ការរីករាលដាល។​​

ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាបានរម្លឹកផងដែរថា កាលពីពីចុងឆ្នាំ២០២១ អតីតប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ន់ភុក (Nguyen Xuan Phuc) បាន​អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដើម្បីបំផុសចាប់ផ្តើម “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២” និងខួប​អនុស្សាវរីយ៍ ៥៥ឆ្នាំ នៃទំនាក់ទំនង​ការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្ដមថ្លែងបញ្ជាក់ថា៖ «យើងអាចនិយាយបានថា ឆ្នាំ២០២២ គឺជា​ឆ្នាំ​ដ៏មានអត្ថន័យសម្រាប់ប្រទេសទាំងពីរ ខណៈពេលប្រទេសកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាន និងការអបអរខួបលើកទី៤៥ នៃ “ទិវានៃការចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន ហើយឆ្នាំ ២០២២ ក៏ជាឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ផងដែរ»។​

ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានលើកឡើងទៀតថា ភាគីទាំងពីរបានសហការរៀបចំពិធីមីទ្ទិញយ៉ាងឧឡារិកដើម្បីអបអរសាទរ​ខួបលើកទី៥៥ នៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរនៅទីក្រុងហាណូយ រួមជាមួយ​ព្រឹត្តិ​ការ​ណ៍​ជាច្រើនទៀត ហើយបានបញ្ចប់ដោយដំណើរការបំពេញទស្សនកិច្ចផ្លូវការចំនួនពីរនៅប្រទេសកម្ពុជា របស់នាយករដ្ធមន្ត្រីវៀតណាម ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) និងប្រធានរដ្ឋសភា វៀតណាម ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយពេលប្រទេសកម្ពុជា រៀបចំការបោះ​​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រកបដោយជោគជ័យ និងបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ រួចរាល់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​វៀតណាម​។ នាដើមឆ្នាំ២០២៤ ភាគីទាំងពីរបានប្រារព្ធខួប​​​លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ​ជាប្រវត្តិសាស្ត្រ​​នៅប្រទេសរៀងៗខ្លួន។

បើតាមឯកឧត្ដម ឯកអគ្គរដ្ឋទូតបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់​ក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ប្រទេស​ទាំងពីរ កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព​ជាងមុន។ ភាគីទាំងពីរសហការរក្សាស្ថិរភាពនយោបាយ សន្តិសុខ ការពារជាតិ និងការអភិវឌ្ឍក្នុង​ប្រទេសរៀងៗខ្លួន បន្តសម្របសម្រួលអនុវត្តដោយល្អប្រសើរនូវពិធីសារ ​កិច្ចសហប្រតិបត្តិការរយៈពេល ៥ឆ្នាំ ក៏ដូចជាផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាង​ក្រសួងការពារជាតិ និងក្រសួង​សន្តិសុខសាធារណៈវៀតណាម ជាមួយនឹងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃកម្ពុជា។ ភាគីទាំងពីរតែងតែផ្លាស់ប្តូរព័ត៌មាននិងស្ថានការណ៍ ចែករំលែកបទពិសោធន៍ ទប់ស្កាត់ និងធ្វើឱ្យលែងមានប្រសិទ្ធភាពនូវរាល់សកម្មភាពរបស់កងកម្លាំងអមិត្តដែលប្រឆាំងវៀតណាម ប្រឆាំងកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការយាមល្បាតរួមគ្នា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចការស្វែងរក និងជួយ​សង្គ្រោះហានិភ័យនៅ​តាមតំបន់ព្រំដែនគោក និងលើលំហសមុទ្រ រៀបចំ​ការ​ផ្លាស់ប្តូរប្រាស័្រយទាក់ទង ចងមេត្រីភាព បន្តដំណើរការបណ្តាញ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ សហការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន សកម្មភាព​បង្កបង្កើនផល និងការស្នាក់នៅដោយទន្ទ្រានទៅវិញទៅមក សកម្ម​ភាព​ឆ្លង​ដែន​ខុស​ច្បាប់ ​ដោះស្រាយ​រាល់បញ្ហា​ដែល​កើតមាន​ឡើង ​កសាងពង្រឹង​ការងារ​គ្រប់គ្រងខ្សែ​ព្រំដែន ខ្សែក្រវាត់​សន្តិសុខ ប្រកបដោយសន្តិភាព ស្ថិរភាព ការពារ​អធិបតេយ្យភាព​ជាតិ រក្សាសណ្តាប់ធ្នាប់ និង​ធានសុវត្ថិភាព​នៅ​តាម​តំបន់​ព្រំដែន។ ភាគី ទាំងពីរបន្តការងារស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបាន​ពលីជីវិតនៅកម្ពុជា និងការងារជួសជុល កែលម្អ ធ្វើឱ្យល្អប្រសើរឡើងស្តូបមិត្តភាព វៀតណាម-កម្ពុជា។

ជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ វៀតណាមនិងកម្ពុជាបានបង្ហើយ​ការងារខណ្ឌសីមា ​និងបោះបង្គោលព្រំដែនគោកបានប្រមាណ ៨៤% ​ចុះហត្ថលេខា​​លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារទទួលស្គាល់លទ្ធផលជាផ្លែផ្កានេះ បង្កើតមូលដ្ឋានគ្រឹះឱ្យភាគីទាំងពីរបន្តរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន ព្រមទាំងបន្តការពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់ព្រំដែនគោក ១៦% ដែលនៅសេសសល់ រួមចំណែកកសាងខ្សែបន្ទាត់​​ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។​

«យើងអាចនិយាយបានថា កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ រួមជាមួយ​នឹង​កិច្ចការ​បរទេស​បានរួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព សន្តិសុខ ស្ថិរភាពសម្រាប់ការអភិវឌ្ឍ នៃប្រទេសរៀងៗខ្លួន រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក»។ នេះគឺជាការលើកឡើង​បន្ថែមរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជាមានប្រសាសន៍ផងដែរថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកទេសរវាងប្រទេសទាំងពីរមាន ការអភិវឌ្ឍជាវិជ្ជមាន។ ភាគីទាំងពីរបានអនុវត្តន៍ដោយបុរេសកម្មរាល់កតិកាសញ្ញា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ និងខ្លឹមសារ នៃកិច្ចប្រជុំគណៈកម្មាការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន ពិភាក្សា និងដោះស្រាយរាល់ការលំបាក​និងឧបសគ្គឱ្យទាន់ពេលវេលា។ ឯកឧត្ដមបន្ដថា យន្តការទ្វេភាគីត្រូវបានឱ្យតម្លៃខ្ពស់ និងជំរុញប្រកបដោយ​ប្រសិទ្ធភាព ដូចជា កិច្ចប្រជុំជំរុញការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-កម្ពុជា កិច្ចប្រជុំសហប្រតិបត្តិការ​ពាណិជ្ជកម្មព្រំដែន​វៀតណាម-កម្ពុជា ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គការមហាជន អាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ និងយន្តការពហុភាគីផ្សេងៗទៀត ដែលមាន​ការចូលរួមពី​សំណាក់ភាគីវៀតណាម និងកម្ពុជា។

ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាម មានគម្រោងវិនិយោគចំនួន ២០៨ នៅក្នុងប្រទេសកម្ពុជា ដោយ​មាន​ដើមទុនចុះបញ្ជីសរុបចំនួន ២,៩១ ពាន់លានដុល្លារអាម៉េរិក ស្ថិតនៅក្នុង​ចំណោមប្រទេសទាំង១០ ដែលមានការវិនិយោគច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ចំណែកប្រទេសកម្ពុជា មានគម្រោងវិនិយោគចំនួន ៣៥ នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជី​សរុបចំនួន ៧៥,៧៦ លានដុល្លារអាម៉េរិក។ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ទោះបីជាជួបការលំបាកជាច្រើនដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​សម្រេចបាន​ការ​រីក​ចម្រើនលោតផ្លោះ​ខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២០ សម្រេចបាន ៥,៣២ ពាន់លានដុល្លារអាម៉េរិក ឆ្នាំ២០២១ សម្រេចបាន ៩,៥៣ ពាន់លានដុល្លារអាម៉េរិក (កើនឡើងជិត ៨០ភាគរយ ធៀបនឹងឆ្នាំ២០២០) ហើយកំពុងរក្សាល្បឿនកំណើនដោយមានទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ សម្រេចបាន ១០,៥៧ ពាន់លានដុល្លារអាម៉េរិក ឆ្នាំ២០២៣ សម្រេចបាន ៨,៦ ពាន់លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់​ប្រមាណថានឹងឈានដល់ជាង ១០ ពាន់លានដុល្លារអាម៉េរិក។ ភាគីទាំងពីរខិតខំសម្រេចឱ្យបាន​គោលដៅ ២០ ពាន់លានដុល្លារអាម៉េរិក នាពេល ខាងមុខ ដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

​ឯកឧត្ដមឯកអគ្គរដ្ឋទូតបន្ដទៀតថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ជាវិស័យមួយត្រូវបានភាគីទាំងពីរផ្ដោតការយកចិត្តទុកដាក់ជាពិសេស ដោយចាត់ទុកថានេះជាកត្តាគោលដៅសំខាន់​មានលក្ខណៈយុទ្ធសាស្ត្រ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង​មិត្តភាពយូរអង្វែងរវាង​ប្រជាជន​នៃប្រទេសទាំងពីរ។ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាម ផ្តល់អាហារូបករណ៍បណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែងដល់និស្សិតកម្ពុជារាប់រយនាក់។ ចំណែកប្រទេសកម្ពុជាវិញ ក៏ផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមចំនួន ១៥នាក់ រួមទាំងអាហារូបករណ៍ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ហើយផ្ដល់អាហារូបករណ៍ចំនួន ២០ ផ្សេងទៀត សម្រាប់បណ្តុះបណ្តាលផ្នែកភាសា និងវប្បធម៌ខ្មែររយៈពេលពីរឆ្នាំ។ ក្រៅពីនោះ ភាគីទាំងពីរក៏ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញបន្ថែមធនធានមនុស្សសម្រាប់បុព្វហេតុ កសាងនិងអភិវឌ្ឍន៍នៅប្រទេសនីមួយៗ។​

ក្នុងឱកាសនោះដែរ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន រដ្ឋសភា និងអង្គការមហាជន ត្រូវបន្តជំរុញអនុវត្តន៍ជាក់ស្ដែង។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូ បទពិសោធន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក ខេត្តជាប់ព្រំដែនទាំងឡាយបន្តពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.