សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យនិងអនុវត្តច្បាប់លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៊ីណា ឱ្យបានត្រឹមត្រូវដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត និងស្នើសូមប្រជាពលរដ្ឋមានជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ សម្តេចធិបតី បានគូសរំលេចថាក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសអោយបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។

សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និង សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។

តាមរយៈបណ្តាញសង្គមខាង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពលោក ទ្បុង លីសុង និងកញ្ញា ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅផងដែរ៕

ប្រភព​​​​​​​​៖ ក្រសួងព័ត៌មាន

Share.

Comments are closed.