រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ា លោក យូសូហ្វ ម៉ៃតាម៉ា ទូហ្គារ (Yusuf Maitama Tuggar) នៅទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានចូលរួមសម័យប្រជុំពេញអង្គលើកដំបូងនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលចិន-នីហ្សេរីយ៉ាផងដែរ។

ក្នុងអំឡុងកិច្ចពិភាក្សានេះ លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបាននិយាយថា ប្រទេសនីហ្សេរីយ៉ាជាប្រទេសអាហ្វ្រិកដ៏សំខាន់មួយដែលមានឥទ្ធិពលយ៉ាងទូលំទូលាយ។ ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងចិន-នីហ្សេរីយ៉ានឹងធ្វើជាគំរូ និងជាការណែនាំសម្រាប់ទំនាក់ទំនងចិន-អាហ្វ្រិក។

លោក វ៉ាង បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រទេស នីហ្សេរីយ៉ាក្នុងនាមជាបងប្អូនល្អដែលគាំទ្រគ្នាទៅវិញទៅមក ជាដៃគូល្អសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាមិត្តល្អដែលលើកតម្កើងភាពត្រឹមត្រូវ និងយុត្តិធម៌ និងជាដៃគូដ៏ល្អដែលគាំទ្រសន្តិភាព និងស្ថិរភាព។ ប្រទេសទាំងពីរនឹងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍ និងការស្តារឡើងវិញ ព្រមទាំងលើកកំពស់ទំនាក់ទំនងចិន-នីហ្សេរីយ៉ា និងទំនាក់ទំនងចិន-អាហ្វ្រិក ដល់កម្រិតថ្មីមួយ។

លោក ទូហ្គារ បាននិយាយថា ប្រទេសនីហ្សេរីយ៉ានឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយលោកសង្ឃឹមថានឹងពង្រឹងការផ្លាស់ប្តូរកម្រិតកំពូល ផ្សាភ្ជាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រស៊ីជម្រៅ និងអនុវត្តន៍កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។ លោកបាននិយាយថា ប្រទេសនីហ្សេរីយ៉ាមានឆន្ទៈក្នុងការរួមដៃជាមួយប្រទេសចិនដើម្បីបង្រួបបង្រួមប្រទេសនៃពិភពលោកភាគខាងត្បូង គាំទ្រពហុភាគីនិយម និងការពារភាពត្រឹមត្រូវ និងយុត្តិធម៌។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបានយល់ព្រមធ្វើការជាមួយគ្នាដើម្បីទទួលបានលទ្ធផលជាផ្លែផ្កានៃសម័យប្រជុំថ្មីនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិនក្នុងរដូវស្លឹកឈើជ្រុះនេះ។ បន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមនៃសម័យប្រជុំពេញអង្គលើកទី១៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.