ក្រសួងឧស្សាហកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន គ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឧស្សាហកម្មលើកដំបូងរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីនៃការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីលើខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខសេដ្ឋកិច្ច។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក អាន ឌុកហ្គន់ (Ahn Duk-geun) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ហ្គីណា រ៉ៃម៉ូនដូ (Gina Raimondo) និងរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក កេន សៃតូ (Ken Saito) គ្រោងនឹងធ្វើកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីឧស្សាហកម្មក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ។

កិច្ចប្រជុំដែលរំពឹងទុកបានកើតឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានយល់ព្រមបើកកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មថ្មីសម្រាប់ការពិគ្រោះយោបល់ប្រចាំឆ្នាំ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅឯតំបន់ខេម ដាវីដ ក្នុងរដ្ឋម៉ារីលេន កាលពីខែសីហាឆ្នាំមុន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា «ភាគីទាំងបីគ្រោងនឹងពិភាក្សាអំពីវិធីនៃការពង្រឹងសន្តិសុខសេដ្ឋកិច្ចនៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។ ពួកគេក៏នឹងចាប់ផ្តើមវេទិកាជួបប្រជុំធុរកិច្ចត្រីភាគីដែលដឹកនាំដោយអង្គការសេដ្ឋកិច្ចនៃប្រទេសទាំងបីដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមវិស័យឯកជន»។

ក្រសួងបានបន្ថែមថា ក្នុងអំឡុងដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់សហរដ្ឋអាមេរិក លោក អាន ក៏នឹងជួបពិភាក្សាជាមួយលោក រ៉ៃម៉ូនដូ និងមន្ត្រីជាន់ខ្ពស់ផ្នែកឧស្សាហកម្ម និងថាមពលផ្សេងទៀត ដើម្បីពិភាក្សាអំពីរបៀបធ្វើការកាន់តែជិតស្និទ្ធលើខ្សែ សង្វាក់ផ្គត់ផ្គង់សម្ភារៈ និងវត្ថុឧស្សាហកម្មសំខាន់ៗ ក៏ដូចជាលើវិស័យឧស្សាហកម្មជឿនលឿនដូចជា គ្រឿងអេឡិចត្រូនិច និងជីវសាស្រ្ដ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.