នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ និងផ្ដល់ព័ត៌មានដើម្បីពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា សហការស្វែងរកវិនិយោគិនមានសក្ដានុពលពីប្រទេសកូរ៉េ ដែលមានបំណងដាក់ទុនវិនិយោគលើការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជា អញ្ជើញទៅប្រទេសកូរ៉េដើម្បីគោះទ្វារផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការស្នើបែបនេះ បានធ្វើឡើងក្រោយពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីគូរ៉េ ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់បណ្តាវិនិយោគិននានា។

សូមជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនាសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ដែលថ្នាក់ដឹកនាំទាំងពីរបានរំលេចផ្តួចផ្តើមឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មរបស់ខ្លួននៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.