រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មលីប៊ី លោក ម៉ូហាមេដ វេច (Mohamed Hwej) បានចេញសេចក្តីណែនាំមួយ ដើម្បីដាក់ឱ្យដំណើរការសភាសេដ្ឋកិច្ចរួមលីប៊ី-ចិន ដែលមានគោលបំណងសម្របសម្រួលទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយសមាជិកសភា លោក វេច បានលើកឡើងពីតួនាទីដ៏សំខាន់របស់សភាក្នុងការបង្កើត ឱកាសភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ដោយបានគូសបញ្ជាក់ពីតម្រូវការក្នុងការលើកទឹកចិត្តដល់ការវិនិយោគរបស់ប្រទេសចិននៅក្នុងប្រទេសលីប៊ី លោករដ្ឋមន្ត្រីបានជំរុញឱ្យសភាជួយជ្រោមជ្រែងលើវិស័យពាណិជ្ជកម្ម និងបង្កើនទំនាក់ទំនងវិនិយោគរវាងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «កិច្ចប្រជុំក៏បានពិភាក្សាអំពីសារៈសំខាន់នៃការរៀបចំវេទិកាសេដ្ឋកិច្ចលីប៊ី-ចិននៅរដ្ឋធានីទ្រីប៉ូលី ក្នុងអំឡុងពេលត្រីមាសចុងក្រោយនៃឆ្នាំ២០២៤»។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក វេច បានចេញសេចក្តីសម្រេចមួយកាលពីខែឧសភា ទាក់ទងនឹងការបង្កើតសភារួមនៃភាគីលីប៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.