មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង និងប្រទេសតួកមេនីស្ថាន បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ហើយធ្វើការរួមគ្នាជាយុទ្ធសាស្ត្ររបស់ទីក្រុងសេអ៊ូលសម្រាប់តំបន់អាស៊ីកណ្តាល។

ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) បានរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីតួកមេនីស្ថាន លោក សើរដារ ប៊ើឌីមូហាមេដូវ (Serdar Berdimuhamedow) នៅរដ្ឋធានីអាស់ហ្គាបាត់ ហើយបានអនុម័តសេចក្តីថ្លែងការណ៍រួមមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់ពួកគេសម្រាប់គំនិតផ្តួចផ្តើម «K-Silk Road Cooperation» របស់ទីក្រុងសេអ៊ូល។

គំនិតផ្តួចផ្តើមនេះ គឺជាយុទ្ធសាស្ត្រក្នុងតំបន់របស់រដ្ឋបាលលោក យូន ដែលផ្តោតលើការភ្ជាប់សមត្ថភាពច្នៃប្រឌិតរបស់ប្រទេសកូរ៉េខាងត្បូងជាមួយនឹងធនធាន និងសក្តានុពលអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីកណ្តាល។

ការិយាល័យរបស់លោក យូន បាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូសម្រាប់ «ផលប្រយោជន៍ទៅវិញទៅមក» លើវិស័យផ្សេងៗ និងផ្លាស់ប្តូរយោបល់អំពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងបញ្ហាក្នុងតំបន់។

លោក យូន និងលោក ប៊ើឌីមូហាមេដូវ ក៏បានពិភាក្សាអំពីកិច្ចសហការក្នុងវិស័យថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកថ្មីនៃការព្រួយបារម្ភទៅវិញទៅមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងនាវា សុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ។ លោក ប៊ើឌីមូហាមេដូវ បានគាំទ្រលើគំនិតផ្តួចផ្តើម «K-Silk Road» និងបានប្តេជ្ញាចិត្តក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល ដើម្បីជួយអនុវត្តន៍ចក្ខុវិស័យនៅក្នុងតំបន់។

លោក ប៊ើឌីមូហាមេដូវ បាននិយាយតាមរយៈអ្នកបកប្រែថា «ប្រទេសតួកមេនីស្ថាន និងកូរ៉េខាងត្បូងមើលឃើញសក្តានុពលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ក្នុងការបង្កើតផ្លូវដឹកជញ្ជូនឆ្លងទ្វីបដែលតភ្ជាប់ពីទ្វីបអាស៊ីទៅអឺរ៉ុប។ យើងបានបញ្ជាក់អំពីចំណាប់អារម្មណ៍គ្នាទៅវិញទៅមកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល»។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក ប៊ើឌីមូហាមេដូវ បានគាំទ្រដល់ការបើកកិច្ចប្រជុំកំពូលរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានការចូលរួមពីមេដឹកនាំកូរ៉េខាងត្បូង និងបណ្ដាប្រទេសអាស៊ីកណ្តាលទាំង៥ រួមមាន ប្រទេសអ៊ូសបេគីស្ថាន ប្រទេសកាហ្សាក់ស្ថាន ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសតាជីគីស្ថាន នៅឆ្នាំក្រោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.