ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) ក្នុងទីក្រុងប៉េកាំង។

លោក ស៊ី បានកត់សម្គាល់ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសប៉ាគីស្ថាន ដើម្បីគាំទ្រគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ ពន្លឿនការកសាងសហគមន៍ចិន-ប៉ាគីស្ថានកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងរួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។

លោក ស៊ី បានសង្កត់ធ្ងន់ថា គន្លឹះនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសចិន និងប៉ាគីស្ថាន គឺស្ថិតនៅលើការយោគយល់គ្នា មានទំនុកចិត្តខ្ពស់ និងការគាំទ្រយ៉ាងរឹងមាំរវាងភាគីទាំងពីរ។ លោកបានថ្លែងអំណរគុណដល់ប្រទេសប៉ាគីស្ថានសម្រាប់ការគាំទ្ររយៈពេលវែង និងភាពរឹងមាំរបស់ខ្លួនសម្រាប់ប្រទេសចិនលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗ។

លោកបានកត់សម្គាល់ថា ប្រទេសចិននឹងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសប៉ាគីស្ថានក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក្នុងការបន្តដំណើរអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មយ៉ាងម៉ឺងម៉ាត់។

លោក សេហ៍បាហ្ស បាននិយាយថា ក្រោមការដឹកនាំរបស់លោក ស៊ី ប្រទេសចិនសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យក្នុងការកាត់បន្ថយភាពក្រីក្រ ការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍដែលបានទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក។

លោក សេហ៍បាហ្ស បានបញ្ជាក់សារជាថ្មីថា គ្មានកម្លាំងណាអាចបញ្ឈប់ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសចិន ឬអង្រួនចំណងមិត្តភាពរវាងប្រទេសប៉ាគីស្ថាន និងចិននោះទេ។ លោកបានកត់សម្គាល់ថា ប្រទេសប៉ាគីស្ថាននឹងបន្តគាំទ្រយ៉ាងមុតមាំក្នុងជំហររបស់ប្រទេសចិនលើគ្រប់បញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ខ្លួនដោយមិនស្ទាក់ស្ទើរឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.